​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឱ្យ​អតីត​ប្រធាន​ទីភ្នាក់ងារ JICA ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម KITAOKA Shinichi អតីត​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ឯកឧត្តម KITAOKA បាន​គោរព​សម្ដែង​នូវ​ការដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​សម្ដេច​តេជោ ដែល​បាន​ផ្ញើ​សារ​រំលែក​មរណៈទុក្ខ​របស់​ឯកឧត្តម Shinzo Abe
​។ ឯកឧត្តម KITAOKA មានប្រសាសន៍​បន្ត​ថា កម្ពុជា ជា​ដៃគូ​យ៉ាង​សំខាន់​របស់​ជប៉ុន ។ ប្រទេស​ទាំង​ពីរ មាន​កិច្ចសហប្រតិបត្តិការ​ច្រើន ហើយ​ឈរលើ​មូលដ្ឋាន​ការយល់​គ្នា​ទៅវិញទៅមក លទ្ធភាព​ល្អ និង​ជា​ពិសេស ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល​ទាំងពីរ ធ្វើឲ្យ​គេ​សហប្រតិបត្តិកា​រ​រវាង​ប្រទេស​ទាំង​ពីរ ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម KITAOKA បាន​ឆ្លៀតឱកាស​នោះ សំដែង​នូវ​ការគោរព និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​ជា​ប្រធាន​អាស៊ាន របស់​សម្ដេច​តេជោ ជាពិសេស ចំពោះ​វិធានការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ជម្រាបជូន​ឯកឧត្តម KITAOKA ថា ឯកឧត្តម អាបេ ជា​អ្នកមានគុណ​សម្រាប់​យើង និង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម អាបេ បាន​បន្សល់ទុក​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​នៅ​កម្ពុជា ក្នុងនោះ​រួម​ទាំង​ស្ពាន​គី​ហ្សូ​ណា ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៥ ។ ក្រៅ​ពី​ជួយ​កម្ពុជា តាមរយៈ​ជំនួយ​រដ្ឋាភិបាល ឯកឧត្តម អាបេ ក៏​បាន​ជួយ​កម្ពុជា តាមរយៈ​ការកសាង​សាលារៀន​ឲ្យ​កម្ពុជា តាមរយៈ​សមាគម​សភា​ជប៉ុន​ផងដែរ ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​បន្ថែមថា ឯកឧត្តម អាបេ តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការងារ​តំបន់ ក៏ដូចជា​ការងារ​មនុស្សធម៌​ផងដែរ​។ ឯកឧត្តម អាបេ តែងតែ​ឆ្លៀត​ប្រជុំ​ជប៉ុន​-​មេគង្គ យ៉ាង​ទៀងទាត់ ទោះ​មាន​ការ​មមា​រញឹក​យ៉ាងណាក៏ដោយ ហើយ​រាល់ពេល​ក្នុង​កិច្ចប្រជុំ ឯកឧត្តម អាបេ តែងតែ​លើកឡើង​អំពី​ការសុំ​ការគាំទ្រ​លើ​បញ្ហា​ការ​ចាប់ជំរិត​ជនជាតិ​ជប៉ុន ដោយ​ប្រទេស​កូរ៉េខាងជើង​។​

​សម្ដេច​បាន​មានប្រសាសន៍​បន្ថែម​ថា ការចាកចេញ​របស់​ឯកឧត្តម អាបេ គឺជា​ការបាត់បង់​មិត្ត​ភក្កិ​ម្នាក់ ដែល​ធ្លាប់​ជួយ​កម្ពុជា ក្នុង​គ្រា​លំបាក ៕