​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ​ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាកា​ររ​ង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គនាយ​ក អគ្គលេខាធិការ អភិបាល​រាជធានី ខេត្ត ស្នងការ​រាជធានី ខេត្ត និង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ ក្នុងនោះ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​បាន​ទទួល​បណ្ដឹង​សរុប​ចំនួន​២៨៩​ករណី ពីសា​ម៉ី​ជន សាច់ញាតិ ស្ថានទូត និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​។​

​សម្ដេច ឱ្យដឹង​ថា​ខេត្ត​ព្រះសីហនុ​មាន​២១២​ករណី​, ពោធិ៍សាត់​មាន​៤​ករណី​, ស្វាយរៀង​មាន​១៨​ករណី​, ខេត្ត​កោះកុង​មាន​៥​ករណី​, ប៉ៃលិន​មាន​១​ករណី​, ឧត្តរមានជ័យ​មាន​១៤​ករណី​, កណ្ដាល​មាន​១៨​ករណី​, សៀមរាប​មាន​១​ករណី​, រាជធានី​ភ្នំពេញ​១៤​ករណី និង​ខេត្ត​បន្ទាយមានជ័យ​មាន​២​ករណី​។ សម្ដេច បន្តថា​«​ពាក្យបណ្ដឹង​ទាំងឡាយ​នេះ ដំបូង​ឡើយ​យើង​ក៏​មិន​ជឿ​ទុកចិត្ត​ទាំងស្រុង​នោះ​ដែរ ប៉ុន្តែ​ឆ្លងកាត់​ការអនុវត្ត​ជាក់ស្ដែង​បន្តបន្ទាប់​គឺ​ប្រមាណ​៩៥​ភាគរយ​ជា​ការពិត​»​។​

​សម្ដេច​ក្រឡាហោម បាន​បន្តថា​ក្រុម​ប្រតិបត្តិការ ក៏​បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បាន​ករណី​មួយចំនួន​ដែរ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​សីហា ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បាន​ចំនួន​៨៥​ករណី រក​ឃើញ​មនុស្ស​១៧៦​នាក់ មាន​៨​សញ្ជាតិ ក្នុង​នោះ​ខេត្ត​ព្រះ​ស​ហនុ​ច្រើនជាងគេ និង​កត់​សម្គាល់​ថា​ភាគច្រើន​នៃ​ជនរងគ្រោះ​គឺ​ធ្វើការ​នៅ​កន្លែង​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ​ខុសច្បាប់​។

​ដើម្បី​ធានា​ឱ្យ​កិច្ច​ប្រតិបត្តិការ​នៃ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជួយ​ដូរ​កម្លាំង​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឱ្យ​ប្រកាន់​ជំហរ​ឯកភាពគ្នា​ថា​«​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ គឺ​ដោយ​ត្រូវ​ប្រកាន់​គោលការណ៍​នីតិរដ្ឋ មិន​មែន​ដោយ​ផ្អែក​លើ​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ទេ​»​។

​សម្ដេច បន្ថែម​ថា​ទោះបី​មានការ​ប្រឈម​ខ្លះ​ក៏ដោយ ប៉ុន្តែ​គ្រប់គ្នា​ត្រូវ​យល់​ឱ្យបាន​ត្រឹមត្រូវ​ថា​អំពើ​ជួញដូរ​មនុស្ស និង​ល្បែង​អន​ឡាញ​ខុសច្បាប់​នេះ​ជា​អំពើ​ល្មើសច្បាប់ បម្រើ​ផលប្រយោជន៍​តែ​បុគ្គល ឬ​ក្រុម​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ ពុំមែន​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ផល​បរយោជន៍​ប្រជាជន​ទូទៅ​ឡើយ​។​

​សម្ដេច បាន​ចាត់​ទុក​បញ្ហា​ប្រឈម​នេះ​ថា​ជា​ឱកាស​ឱ្យ​មន្ត្រី​បញ្ចេញស្នាដៃ បង្ហាញ​ឆន្ទៈ និង​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ដែរ ដ្បិត​ប្រសិនបើ​មាន​ការរារែក មិន​ច្បាស់លាស់ នឹង​មានន័យ​ថា​មន្ត្រី​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គ្មាន​ការប្ដេជ្ញាចិត្ត និង​មិន​អាច​បញ្ចេញស្នាដៃ​ទទួលខុសត្រូវ​នោះទេ​។ បើ​តាម​សម្ដេច កិច្ច​ប្រតិបត្តិការ​នេះ​ជា​វិញ្ញាសារ​សំខាន់​សម្រាប់​វាស់វែង​ឧត្តមគិតិ ឆន្ទៈ សមត្ថភាព​របស់​រដ្ឋ​បាល​រាជធានី​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​។​

​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​នេះដែរ សម្ដេច​បាន​មានប្រសាសន៍ថា ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ គឺ​ជា​មេ​រោគហារី​ក​សង្គម​យ៉ាង​កាច​សាហាវ​បំផុត​។

​តាមរយៈ​បទល្មើស​នេះ បទល្មើស​ផ្សេងៗ​នឹង​កើតមានឡើង​តាម​នោះ​ដែរ មាន​ជាអាទិ៍ បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ បទល្មើស​គ្រឿងញៀន ភេ​វរ​កម្ម លួច​ឆក់​ប្លន់ បទល្មើស​ជម្រិត​ទារប្រាក់ បទល្មើស​ធ្វើ​ទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់​អាវុធ​ខុសច្បាប់ បទល្មើស​អន្តោប្រវេសន៍​ខុសច្បាប់ បទល្មើស​សម្អាត​ប្រាក់ និង​ក៏​ប៉ះពាល់​ដល់​ការកសាង​យុត្តិធម៌​សង្គម​។​

​សម្ដេច បន្ត​សង្កត់ធ្ងន់​ទៀត​ថា​«​ការ​បណ្ដែតបណ្ដោយ​ឱ្យមាន​ល្បែងស៊ីសង​ខុសច្បាប់​អាច​ជំនួស​ឱ្យ​ការវិនិយោគ​ត្រឹមត្រូវ​តាមច្បាប់​នោះបានទេ​។ អា​ខុសច្បាប់​ហ្នឹង​មាន​ពន្ធ មាន​ចំណូល​ស្អី​ចូល​រដ្ឋ​ដូច​គេ​វិនិយោគ​ត្រឹមត្រូវ​? វា​ថែមទាំង​រារាំង​ការវិនិយោគ​ត្រឹមត្រូវ​ដែល​គេ​មាន​ទុន​វិនិយោគ​ច្រើន​ថែមទៀត​ផង​។ ព្រោះ​ធម្មតា​មុន​នឹង​គេ​យកប្រាក់​មក​វិនិយោគ គេ​មើល​ទាំងអស់​។ ការ​មក​ច្រើន​នៃ​អ្នក​មិន​ត្រឹមត្រូវ​នេះ វា​ក៏​មិន​អាច​មក​ជំនួស​អ្នកជំនាញ​ល្អៗ និង​ទេសចរណ៍​នោះ​បាន​ដែរ ប៉ុន្តែ​វា​ថែម​ទាំង​រារាំង​អ្នកជំនាញ និង​ទេសចរណ៍​ថែមទៀត​ផង​»​។​

​សម្ដេច បាន​ទាញ​ការចាប់អារម្មណ៍​ថា រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​២០០​លាន​ដុល្លារ ដើម្បី​កសាង​ហេដ្ឋរចនាសម្ព័ន្ធ​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​ការវិនិយោគ​ផ្លូវ​ល្បឿន​លឿន​ប្រមាណ​២​ពាន់​លាន​ដុល្លារ និង​ការកែលម្អ​ផ្លូវជាតិ​លេខ​៤​នោះ មិនមែន​ដើម្បី​បម្រើ​ឱ្យ​ឋាន​សួរគ៌​នៃ​ល្បែង​ខុសច្បាប់​នោះទេ​។ គឺ​ក្នុង​បំណង​ទាក់ទាញ​ការវិនិយោគ​ត្រឹមត្រូវ អ្នក​ទេសចរណ៍​ត្រឹមត្រូវ​ដើម្បី​បាន​ចំណូល​កសាង​ប្រទេសជាតិ​ទាំងមូល គឺ​មិនមែន​តែ​ខេត្ត​ព្រះសីហនុ​នោះទេ​។ សម្ដេច​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​សម្រេច​គោលដៅ​អាទិភាព​៤ រួមមាន​ទី​១. គឺ​សង្គ្រោះ​ជនរងគ្រោះ​ឱ្យ​បាន​ទាន់ពេលវេលា​, ទី​២. ខិតខំ​ស្រាវជ្រាវ​មេខ្លោង​និង​អ្នកពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​ឱ្យបាន​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​ការលើកលែង​, ទី​៣.​ត្រួតពិនិត្យ​ប្រមូល​ភស្តុតាង​ដើម្បី​បិទ​ទីតាំង​ប្រព្រឹត្ត​បទល្មើស និង​ទីតាំង​ខុសច្បាប់ និង​ទី​៤. គឺ​ត្រូវ​ពន្លាត​ការស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​រក​បទល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​ផ្សេងៗ​ទៀត​។​

​សម្ដេច ក៏បាន​ផ្ដល់​ការណែនាំ​អំពី​ការសម្រេច​បែងចែក​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ជា​អ្នកទទួលខុសត្រូវ ដោយសារ​បទល្មើស​នេះ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​មនុស្ស​។ ចំណែក​ក្រុម​ការងារ​ដឹកនាំ​ដោយ​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​អ្នកទទួលខុសត្រូវ​បង្ក្រាប​បទល្មើស​ល្បែង​អន​ឡាញ​ខុសច្បាប់​៕