សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​បុណ្យកាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​ប្រសិទ្ធិ​វង្ស នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​

នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​នៃ​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រៀប​ចំ​សូត្រមន្ត​បុណ្យកាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​ប្រសិទ្ធិ​វង្ស ស្ថិតនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​នា​ឱកាស​ដ៏​ឧត្តុងឧត្តម​នេះ សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​គ្រប់​លំដាប់ថ្នាក់ អញ្ជើញ​បូជា​ថ្វាយ​នូវ​គ្រឿង​សក្ការៈ​ផ្សេងៗ​ចំពោះ​ព្រះ​រតនត្រ័យ​ដែល​ជា​រតនៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​លោក​។ ជា​កិច្ច​បន្ទាប់ សម្ដេច​ក្រឡាហោម និង​លោកជំទាវ ក៏​បាន​អញ្ជើញ​សមាទានសីល និមន្ដ​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រិត្ត និង​សម្ដែង​ព្រះធម៌​ទេសនា ដើម្បី​ឧទ្ធិស​មគ្គផល កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​មានគុណ និង​បុព្វបុរស​ជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និង​យុទ្ធជន យុទ្ធ​នារី​ទាំង​អស់ ដែល​បាន​ពលី​មរណៈ​ទៅកាន់​បរលោក​។​លុះ​ព្រឹក​ឡើង​ថ្ងៃ​អង្គារ៍ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ និង​មាន​រៀបចំ​ពិធីរាប់បាត្រ បង្សុកូល វេរ​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ និង​ព​ហូ​ដារ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀងរាល់ឆ្នាំ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ តែងតែ​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​នៅ​តាម​វត្ត​អារាម​នានា​យ៉ាង​ខ្ជាប់ខ្ជួន តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​

​សូម​ជម្រាប​ផងដែរ​ថា ពិធី​បុណ្យកាន់បិណ្ឌ ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​យ៉ាង​ល្អ​ផូរផង់ ដែល​ប្រជាជន​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើតាម​បវេណី​ព្រះពុទ្ធសាសនា​តាំងពី​យូរលង់​ណាស់​មកហើយ ជាទូទៅ ពុទ្ធសាសនិក​តែងតែ​នាំ​គ្នា​ប្រតិបត្តិ​ធ្វើ​តាម​ទី​វត្ត​អារាម គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​គឺ​ចាប់ផ្ដើម​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​១​រោច​ដល់​ថ្ងៃ​ទី​១៥​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ឧបការី​ជន ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​រំលា​យក្ខន្ធ​ទៅ​លោក​ខាងមុខ និង​បាន​ជា​ចំណែក​សម្រាប់​កសាង​នូវ​បុណ្យ​កុសល​សម្រាប់​ពេលបច្ចុប្បន្ន និង​តទៅ​ថ្ងៃ​អនាគត​រៀងៗ​ខ្លួន​ផង​ដែរ​៕