លិច​ទូក​មួយ​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ពីរ​គ្រឿង ធ្លាក់​ចូល​បាត​ស្ទឹងសែន តែ​តៃកុង​រថយន្ត និង​អ្នក​បើកទូក បាន​រួចផុត​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៅក្នុង​ឧបទ្ទវហេតុ​នា​គ្រា​នោះ !

ខេត្ត​ព្រះវិហារ​៖ រថយន្ត​មួយ​បាំង​កន្លះ ២​គ្រឿង ដែល​ដឹក​ទំនិញ​ចាប់ហួយ និង​ទូក​ចម្លង​អ្នកដំណើរ ១​គ្រឿង បាន​លិច​កប់​ជ្រៅ​ទៅក្នុង​បាត​ស្ទឹងសែន គ្រា​ដែល​ទូក​នោះ បាន​បើក​ចម្លង​រថយន្ត​ទាំង​យប់​ងងឹត ហើយ​គ្មាន​ភ្លើង​បំភ្លឺ ធ្វើឲ្យ​ទូក​អណ្តែក​ចុះក្រោម ហើយ​បាន​ក្រឡាប់​លិច​ចូលទៅ​ក្នុង​បាត​ស្ទឹង និង​រហូតមក​ទល់​នឹង​ពេលនេះ នៅ​មិន​ទាន់​រក​ទូក និង​រថយន្ត​ទាំងនោះ​ឃើញ​នៅឡើយ​ទេ ។​

​រីឯ​មនុស្ស​យ៉ាង​ហោច ៦​នាក់ បាន​គេចផុត​ពី​គ្រោះថ្នាក់ ក្នុង​ឧបទ្ទវហេតុ ដែល​បាន​កើតឡើង កាលពី​ម៉ោង ៩​យប់ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​កំពង់ចម្លង (​ស្ទឹងសែន​) ស្ថិតនៅក្នុង​ភូមិ​ឫស្សី​ស្រុក ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។​

​អធិការនគរបាល​ស្រុក​រវៀង លោក​វរសេនីយ៍ឯក ស៊ឹម សាយ បាន​ប្រាប់ឲ្យដឹង​ថា ពិតជា​មាន​ហេតុការណ៍​លិច​ទួក​ចម្លង​រថយន្ត​ដឹក​ទំនិ​ញ​ខ្នាត​តូច ២​គ្រឿង​នោះ​មែន ដោយ​ម្ចាស់​រថយន្ត​ទាំង ២​គ្រឿង ដែល​រង​ការ​លិច​បាត់​ទៅ​ក្នុង​បាត​ស្ទឹង​សែន​នោះ ឈ្មោះ កែវ ចាន់​សូរិយ៉ា រស់នៅ​ភូមិ​ត្នោត​ម្លូ ឃុំ​របៀប ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។ លោក​ថា នៅក្នុង​ហេតុការណ៍​លិច​ទូក​ចម្លង ១​គ្រឿង និង​រថយន្ត ២​គ្រឿង​នោះ ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ ដោយ​អ្នក​ទាំងនោះ បាន​តោង​កាន និង​តោង​ដើម​ឫស្សី ហែល​ទៅរក​ច្រាំង​ដីគោក​ទាំង​យប់​ងងឹត​។​

​លោក​វរសេនីយ៍ឯក ស៊ឹម សាយ បានឲ្យដឹង​ទៀតថា មនុស្ស​នៅក្នុង​ហេតុការណ៍​លិច​ទូក​ចម្លង​រថយន្ត​នោះ​មាន​ចំនួន ៦​នាក់ ក្នុងនោះ ២​នាក់​ជា​អ្នក​បើកទូក ចំណែក ៤​នាក់​ទៀត តៃកុងរ​យន្ត ២​នាក់ និង​ព្រូ​រថយន្ត ២​នាក់ មនុស្ស​ទាំង ៦​នាក់ បាន​រួចផុត​ពី​គ្រោះថ្នាក់​នោះ​ហើយ​។​

​លោក​អធិការ​ស្រុក​រវៀង បានបញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លិច​ទូក​ក្នុងពេលនោះ គឺ ដោយសារ​ទូក​ចម្លង​នោះ គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ ទើប​មើល​ច្រាំង​អត់​ឃើញ ហើយ​អណ្ដែត​ចុះ​ទៅ​ផ្នែក​ខាងក្រោម រួច​ក៏​លិច​ចូលទៅក្នុង​បាត​ស្ទឹងសែន ក្នុង​ពេល​នោះ​ទៅ ។ លោក​បញ្ជាក់ទៀតថា រហូតមក​ទល់​នឹង​ពេលនេះ ទាំង​ទូក និង​រថយន្ត នៅ​ពុំ​ទាន់​រកឃើញ​នៅឡើយ​ទេ ៕