​រថយន្ត​បើក​បុក​ម៉ូតូ​អ្នកដំណើរ ធ្វើឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​នាំខ្លួន​តៃកុង​រថយន្ត មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ !

​ខេត្ត​ព្រះវិហារ​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ បាន​ចុះ​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់ ដែល​បង្ករ​ការគ្រោះថ្នាក់​ដល់​អាយុជីវិត អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ពីរ​នាក់ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដែល​ហេតុការណ៍​គ្រោះថ្នាក់​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ២ និង ៤៥​នាទី​រសៀល ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នៅលើ​ផ្លូវជាតិ​លេខ​៩៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៧-៦៨ ស្ថិតនៅ​ភូមិ​រវៀង​ត្បូង ឃុំ​រុងរឿង ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។​

​អធិការនគរបាល​ស្រុក​រវៀង លោក​វរសេនីយ៍ឯក ស៊ឹម សាយ បាន​ប្រាប់ឲ្យដឹង​ថា រថយន្ត​បង្ក​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ២​នាក់​នោះ ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3146 បើកបរ​ដោយ​ឈ្មោះ ណេង កឹង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ភ្លោច ឃុំ​ច្រាច់ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ។ លោក​ថា អ្នកបើកបរ​រថយន្ត​នោះ គ្មាន​របួស​ស្នាម​អ្វី​នោះទេ ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ នាំខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង ដើម្បី​ធ្វើ​ការសាកសួរ និង​ចាត់ការ​តាមច្បាប់ ។​

​ចំណែក បុរស​ដែល​ជា​ជនរងគ្រោះ​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ មាស ដែន ជា​កសិករ និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វេវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ច្រាសទិស​ជាមួយ​រថយន្ត​បង្កហេតុ និង ម្នាក់ទៀត ឈ្មោះ បុល ជា​អ្នករួមដំណើរ ជនរងគ្រោះ​ទាំង​២​នាក់ មាន​មុខរបរ​ជា​កសិក​រ រស់នៅ​ភូមិ​គោក ឃុំ​ស្អាង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​អធិការនគរបាល​ស្រុក​រវៀង លោក​វរសេនីយ៍ឯក ស៊ឹម សាយ បានបញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាលឲ្យ​រង​ការគ្រោះថ្នាក់​បែបនេះ គឺ​មកពី​អ្នកបើកបរ​រថយន្ដ​មានការ​ខ្ជីខ្ជារ និង ធ្វេសប្រហែស​ខ្វះ​ការប្រុងប្រយ័ត្ន ក្នុង​ពេល​បើកបរ និង​បើកបរ​ក្នុង​ល្បឿង​លឿន អាច​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ផងដែរ ។​

​លោក​អធិការ​បាន​បញ្ជាក់ទៀតថា ក្រោយពេល​កើតហេតុ សាកសព​ត្រូវបាន​នាំយក​ទៅ​តម្កល់​ទុក នៅ​វត្ត​ច័ន្ទ​និមិត ហៅ វត្ត​រវៀង និង​ក្រោយមក សាកសព​ត្រូវបាន​ធ្វើ​កំណត់ហេតុ ប្រគល់​ទៅឲ្យ​ក្រុម​គ្រួសារ នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក សម្ភារៈ​វត្ថុ​តាង ត្រូវបាន​នាំយក​មក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ នៅពេល​ក្រោយ ៕