សិស្សានុសិស្ស និង​យុវជន​វ័យក្មេង​ជា​ក្រុម​មនុស្ស​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​

ថ្នាក់ដឹកនាំ​ក្រសួង​សាធារណៈការ និង​អ្នកជំនាញ​បានបញ្ជាក់​ថា សិស្សានុសិស្ស និង​យុវជន​វ័យក្មេង អាយុ​ចាប់ពី ១៥ ទៅ​២៩​ឆ្នាំ ជា​ក្រុម​មនុស្ស​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ពួក​គាត់​មិន​ទាន់​យល់​ពី​ច្បាប់​ចរាចរណ៍ គ្មាន​បទពិសោធ​ក្នុង​ការបើកបរ​ជាដើម និង​បាន​ស្នើ​ដល់​ស្ថាប័ន អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ​ត្រូវ​ឧស្សាហ៍​ណែនាំ​កូនៗ​អំពី​ច្បាប់​ចរាច​រណ៍​។

​នៅ​ក្នុង​ទិវា​សុ​វត្តិភាព​ចរាច​រណ៍ និង​ការប្រកាស​ផ្តើម​អនុវត្ត​សកម្មភាព​សុ​វត្តិភាព​ចរាចរណ៍ ដែល​ប្រារព្ធ​ធ្វើឡើង​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ត្រ​សេក​កោង ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ លោក គឹម បញ្ញា នាយក​អង្គកា​រ​មូលនិធី​បង្ការរ​បួសអាស៊ី​ប្រចាំ​នៅ​កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​ក្រុម​មនុស្ស​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ជាងគេ គឺ​សិស្សសាលា និង​យុវជន​វ័យក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ ដល់ ២៩​ឆ្នាំ​។ លោក​បាន​បន្តថា ជា​រៀងរាល់ឆ្នាំ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា មាន​ប្រមាណ​១២​ភាគរយ គឺ​ជា​សិស្ស​និស្សិត ហើយ​ពាក់កណ្តាល​នៃ​ពួក​គាត់​គឺ​ជា​សិស្សានុសិស្ស​នៅ​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​។​

​លោកជំទាវ មីន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានបញ្ជាក់​ថា តាម​របាយការណ៍​របស់​អគ្គស្នងការន​រគបា​លជាត​៨​ខែ​ដើមឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន ២.០៥០​ករណី ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១.០៨២​នាក់ ហើយ​ក្នុងនោះ​គឺជា​យុវជន​វ័យក្មេង​អាយុ​ចាប់ពី ១៥​ឆ្នាំ​ដល់ ២៩​ឆ្នាំ ភាគច្រើន​ជា​សិស្សសាលា​។ ជំទាវ​រដ្ឋលេខាធិការ ស្នើ​ដល់​លោកគ្រូ អ្នកគ្រូ តាម​សាលារៀន​ទាំងអស់​បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ដល់​សិស្សានុសិស្ស ។​

​សិស្សានុសិស្ស​បាន​បង្ហាញ​ពី​ការយល់ឃើញ​របស់​ខ្លួន​ថា គ្រោះថ្នាក់​ចរាចរណ៍ គឺ​ពិតជា​ធ្វើឲ្យ ប៉ះពាល់​ដល់​អាយុជីវិត ធ្វើឲ្យ​មាន​ពិការភាព ប៉ះពាល់​ដល់​ការសិក្សា និង​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ​។

​លោក ខៀវ រិទ្ធិ​ភ័ណ្ឌ អភិបាលរង​ខេត្តកំព​បានឲ្យ​ដឹង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​កំពត កើតមានឡើង​ជា​ញឹកញាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៣, ៣១, ៣៣ និង​ផ្លូវជាតិ​៤១, ហើយ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២២​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៩៣​ករណី មាន​ការថយចុះ​ចំនួន ៣៥​លើក បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២១៕