សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចាកចេញ​ពី​ក្រុង Labuan Bajo ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ដំណើរ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​

​បន្ទាប់ពី​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤២ នៅ​ក្រុង Labuan Bajo រួចមក នៅ​ម៉ោង​១០.៥០​នាទី​ព្រឹក​(​ម៉ោង​នៅ Labuan Bajo ប្រទេស​ឥណ្ឌូនេស៉ី​) ត្រូវ​នឹង​ម៉ោង ៩.៥០​នាទី​ម៉ោង​នៅ​កម្ពុជា ព្រឹក​ថ្ងៃ​ទី​១១ ឧសភា នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ចាកចេញ​ពី​ក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុង​ដំណើរ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កូ​ម៉ូដូ វត្តមាន​នៃ​ការអញ្ជើញ​ជូន​ដំណើរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​មាន​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ជាច្រើនរូប​។

​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១៣ និង​៥០​នាទី​រសៀល ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២៣៕