សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​បាន​ជិត​៨០​គីឡូក្រាម​នៅ​ខេត្តតាកែវ​

​តាកែវ​៖ ទីតាំង​ផលិត​សារធាតុ​ញៀន ប្រភេទ​ថ្នាំក្រវីក្បាល មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ តា​សូ ឃុំ​ឧត្តម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី ០៩ ខែ​ឧសភា ឆ្នាំ​២០២៣​កន្លងទៅ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ រួមជាមួយ​និង​សារធាតុ​ផ្សំ​ថ្នាំញៀន​ប្រមាណ​ជិត​៨០​គីឡូក្រាម ។

​សូម​បញ្ជាក់​ផង​ដែរ​ថា​ជុំវិញ​ករណី​សមត្ថកិច្ច​កិច្ច​បំបែកសំបុក​ផលិត​គ្រឿងញៀន​នេះ​បាន​ដោយសារ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ (​ក​៤) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ឯក ឆេង​ហ៊ួត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​ស​សាលាដំបូង​ខេត្តតាកែវ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រឹបអូស​ថ្នាំញៀន បាន​មួយចំនួនធំ​រួមមាន សារធាតុ​ញៀន​ទម្ងន់ ១១៨.៦៤​ក្រាម (​ប្រភេទ​មេតំ​ហ្វេ​តា​មីន​), សារធាតុ​គីមី​ផ្សំ (​មិន​ច្បាស់​) ទម្ងន់​៧៩,១៧៦​ក្រាម និង​រថយន្ត​១​គ្រឿង​ផង​ដែរ នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ ។​

​ការបង្ក្រាប​នេះ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​ជនសង្ស័យ​ទាំង​៤​នាក់ រួមមាន​៖
​ទី​១៖ ឈ្មោះ ទួន សា​ស្រា្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​
​ទី​២៖ ឈ្មោះ ហ្វាង យ៉ាងណា​ម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ
​ទី​៣៖ ឈ្មោះ ចាន់ វាសនា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ
​ទី​៤៖ ឈ្មោះ ផាន វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន ព្រះ​រាជ្ញា​នៃ​អយ្យការ​អម​សាលាតំបូ​ង​ខេត្តតាកែវ កំពុង​ធ្វើ​ការសួរនាំ​បន្ថែមទៀត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕