កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​បណ្តា​គោលដៅ​ការពារ ការប្រកួត​កីឡា​ស៊ី​ហ្គេម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ ព្រមទាំង សប្បុរសជន នានា​!

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ២០២៣ ដែល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៥ ដល់ ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣​។ ក្នុង​នោះ​ផង​ដែរ ដោយ​អនុវត្ត​តាម​ការដឹកនាំ​បញ្ជា​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ចូលរួម​បំពេញ​បេសកកម្ម​យ៉ាង​មមាញឹក តាម​បណ្តា​គោលដៅ ការពារ សន្តិសុខ សុវត្ថិភាព និង រក្សា​សណ្ដាប់ធ្នាប់ នៅក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​ដោយ​មើលឃើញ​ពី​សកម្មភាព​ដូចនេះ និង​ដោយ​មាន​ការយកចិត្តទុកដាក់​លើ​ភាព​ហត់នឿយ​របស់​កងកម្លាំង​គ្រប់​ប្រភេទ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង សប្បុរសជន​នានា​ដែល​ស្រឡាញ់​គាំទ្រ កងរាជអាវុធហត្ថ បាន​ឧបត្ថម្ភ​នូវ​អំណោយ​ជា​បន្តបន្ទាប់ រួមមាន ភេសជ្ជៈ ទឹក​សុទ្ធ និង​ថវិកា ផ្តល់ជូន​ដល់ មេ​បញ្ជារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​បន្ត​ដល់​កម្លាំង​ក្រោម​ឱវាទ​ដែល​កំពុង​បំពេញបេសកកម្ម ទុក​ជា​ការលើកទឹកចិត្ត និង​បំពេញ​បន្ថែម​នូវ​ការហូបចុក ឆ្លើយតប​ទៅនឹង ការ​ហត់នឿយ របស់​កងកម្លាំង​។​

​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់ឲ្យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏ដូចជា លោក​មេបញ្ជាការ តាម​បណ្តា​គោលដៅ​ការពារ ការប្រកួត​កីឡា​ស៊ី​ហ្គេម ធ្វើ​ការបែងចែក​អំណោយ​ទាំងនោះ ជូន​ដល់ដៃ​បងប្អូន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​ឈរជើង​តាម​គោលដៅ​គ្រប់ៗ​គ្នា​៕​