
ក្រុមកីឡាករកម្ពុជារកបានមេដាយមាសប្រាក់និងសំរិទ្ធ៨គ្រឿង ក្នុងការប្រកួតទូកនៅខេត្តកំពត
ការប្រកួតកីឡាទូក នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលរៀបចំធ្វើឡើង នៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពត ដែលមានរយៈពេល៣ថ្ងៃ បានបញ្ចប់ជាស្ថាពរហើយ។ ហើយថ្ងៃទី៣នេះ កម្ពុជារកបានមេដាយមាសបាន១គ្រឿង និងសំរិទ្ធ១គ្រឿងបន្ថែមទៀតធ្វើឲ្យ ក្រុមកីឡាករទូកកម្ពុជា ទទួលបានមេដាយ៨គ្រឿង មានមាស២ ប្រាក់២ និងសំរិទ្ធ៤គ្រឿង។
ការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពត ដែលបានចាប់ផ្តើមពីថ្ងៃទី ១៣ ដល់១៦ ខែឧសភា ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងមោទនភាពបំផុត ដោយក្រុមកីឡាទូកកម្ពុជា អាចរកមេដាយបានដល់៨គ្រឿង ក្នុងនោះ មានមាស២ ប្រាក់២ និងសំរិទ្ធ៤គ្រឿង ឈរនៅលំដាប់ទី៤ នៅក្នុងចំណោមប្រទេសចូលរួមប្រកួតសរុបទាំង៩។
តំណាងក្រុមកីឡាករទូកកម្ពុជា បានលើកឡើងអំពីអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំស៊ីហ្គេមលើកទី៣២នេះឡើងបានល្អប្រសើរ និងផ្តល់ឱកាសឲ្យពួកគាត់អាចដណ្តើមយកមេដាយជូនជាតិ។ ហើយថាសមិទ្ធិផលនៃថ្ងៃនេះ បានបង្ហាញអំពី ការខិតខំរបស់ក្រុមកីឡាករ គ្រូបង្វឹកកម្ពុជា និងការគាំទ្រ ពីគ្រប់មជ្ឍដ្ឋាន ដែលធ្វើឲ្យក្រុមកីឡាករមានកម្លាំងចិត្តប្រកួត។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូកប្រទេសថៃ ឈរនៅដំដាប់លេខ១ ទទួលបានមេដាយមាស ៤ ប្រាក់ ៣ សរុប៧គ្រឿង, ឥណ្ដូនេស៊ី ឈរលំដាប់លេខ២ ទទួលបានមេដាយមាស ៣គ្រឿង ប្រាក់១ និងសំរិទ្ធ៤ សរុប៨គ្រឿង , វៀតណាមឈរលំដាប់លេខ៣ ទទួលបានមេដាយមាស៣ ប្រាក់១ សរុប៤គ្រឿង ខណៈដែលក្រុមកីឡាករមីយ៉ាន់ម៉ា ឈរលេខទី៥ នៅក្រោមកម្ពុជា ទទួលបានមេដាយមាស ១ ប្រាក់៥ និងសំរិទ្ធ២ សរុប៨គ្រឿង , ម៉ាឡេស៊ី ឈរដំដាប់ទី ៦ ទទួលបាន មេដាយប្រាក់១ សំរិទ្ធ ៣ សរុប ៤គ្រឿង ។
ដោយឡែក ក្រុមកីឡាករហ្វីលីពីន និងសិង្ហាបុរី មិនទទួលបានមេដាយទេ ខណៈដែលក្រុមកីឡាករប្រទេសឡាវ អវត្តមានក្នុងការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួត៕