ឣ្នកនាំពាក្យ : មន្ត្រីកំពុងបម្រើការងារក្នុងវិស័យឣធិការកិច្ចចំនួន៤៥នាក់ មកពី១៨ ស្ថាប័នរដ្ឋ និងឯកជន ចូលសិក្សាឣធិការកិច្ចបឋមជំនាន់ទី៥ វគ្គ៣-៤

ភ្នំពេញ: ឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) បានឲ្យដឹងនាថ្ងៃចន្ទ ទី១៥ ខែឧសភានេះ ថា វគ្គសិក្សាបឋមឣធិការកិច្ចជំនាន់ទី៥ វគ្គទី៣-៤ នឹងចាប់ផ្តើមនាថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិឣធិការកិច្ច នៃក្រសួង ទ រ ព ឣ ក្រោមឣធិបតីភាព ឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី ។

ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលបឋមនេះ មានរយ:ពេលជាង១០ថ្ងៃ និងមានសិក្ខាកាមជាមន្ត្រីមកពីមន្ទីររាជធានី-ខេត្ត មន្ត្រីនៅក្រសួងទ រ ព ឣ ក្នុងនោះក៏មានមកពីអគ្គាធិការដ្ឋាន នៃបណ្តាក្រសួង ស្ថាប័នចំនួន ១៨ សរុបចំនួន ៤៥រូប ។

ឣ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:អធិការកិច្ចនេះនឹងចាប់ពីថ្ងៃទី១៦ ដល់២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទមួយចំនួនរួមមាន៖ ទស្សនៈទូទៅនៃការងារអធិការកិច្ច, ប្រព័ន្ធច្បាប់សកល និងកម្ពុជា, ការប្រៀបធៀបស្ថាប័នអធិការកិច្ច៤នៅអាស៊ី, ស្ថាប័នអធិការកិច្ចនិងមន្រ្តីអធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ របាយការណ៍និងកំណត់ហេតុអធិការកិច្ច និងវិធីសាស្រ្តអធិការកិច្ច។

វគ្គនេះនឹងធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទ រ ព អ, ឯកឧត្តម សុត គឹមសាន អនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក សាស្រ្តាចារ្យ ថង សុខុម អ្នកជំនាញគណនេយ្យ-ហិរញ្ញវត្ថុ ៕