ខេត្ត​ព្រះវិហារ ប្រារព្ធ​មី​ទ្ទិញ ទិវា​ជាតិ​នៃ​ការចងចាំ​២០​ឧសភា ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ !

​ខេត្ត​ព្រះវិហារ​៖ ការ​ប្រារព្ធ​មី​ទ្ទិញ «​ទិវា​ជាតិ នៃ​ការចងចាំ​» ២០​ឧសភា ដែល​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ នាពេលនេះ គឺ​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​។ ហើយ​ថ្ងៃ​២០​ឧសភា​នេះ​ទៀត ក៏​ត្រូវបាន​ចាត់ទុក​ជា​ថ្ងៃ​កាន់​មរណទុក្ខ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ចារឹក​ទុក​ក្នុង​បេះដូង​មិនអាច​បំភ្លេច​បាន នូវ​មហា​ទុក្ខសោក​ដ៏​សែន​ទារុណ ក្រោម​ក្រ​ញ៉ាំ​ដៃ​នៃ​របប​វាលពិឃាត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​

​មី​ទ្ទិញ «​ទិវា​ជាតិ នៃ​ការចងចាំ​» (១៧​មេសា​១៩៧៥-៦​មករា​១៩៧៩) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅក្នុង​បរិវេណ​មណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​តំបន់​១០៣ ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​រុងរឿង ស្រុក​រវៀង ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​២០​ឧសភា​២០២៣ ដែល​មាន​ការអញ្ជើញ​ជា​អធិបតី ពី​សំណាក់ លោក មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​លោក ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលស្រុក កងកម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​ថ្លែងថា ប្រទេស​កម្ពុជា ជាច្រើន​សម័យកាល​មក​ហើយ ជួប​តែ​ការបែកបាក់​សាមគ្គីភាព ឯកភាព​ជាតិ និង​ផ្ទុះឡើង​នូវ​ភ្លើងសង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស រហូតដល់​ការចូល​មក​ដល់ របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​ធ្វើ​ឲ្យ​មាតុភូមិ និង​ប្រជាជាតិ​កម្ពុជា​ទូទាំង​ប្រទេស រងគ្រោះ​យ៉ាង​អណោច​អធម អស់​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ព្រមទាំង​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង អស់​ជាង​៣​លាន​នាក់​។​

​លោក​ទេសរដ្ឋមន្ដ្រី មាស សុភា បាន​មានប្រសាសន៍ថា ថ្ងៃ​២០​ឧសភា បាន​ក្លាយជា​ថ្ងៃ​កាន់​មរណទុក្ខ ដែល​ប្រជាជន​កម្ពុជា បាន​ចារឹក​ជាប់​ក្នុង​បេះដូង មិនអាច​បំភ្លេច​បាន​នូវ​អំពើ​ដ៏​សាហាវយង់ឃ្នង របស់​ពួក​ប្រល័យ​ពូជសាសន៍ ដែល​បាន​ប្រព្រឹត្ត​មកលើ​ប្រជាជន​កម្ពុជា ដោយ​មិន​អាច​រៀបរាប់​អស់​។ លោក​ថា ដើម្បី​កុំ​ឲ្យ​របប​នេះ​វិលត្រឡប់​មក​វិញ យើង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា ដែល​ប្រារព្ធ​ធ្វើ​នា​ពេល​នេះ គឺ​ចង់​រលឹក​ពី​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់ អស់​រយៈពេល​ជាង ៤០​ឆ្នាំកន្លងមក ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យមាន​ការចងចាំ និង​ចូលរួម​ការពារ​កុំ​ឲ្យ​របប​ឃោរឃៅ​នេះ កើតមាន​ជា​លើក​ទី​២ នៅ​ប្រទេស​របស់​យើង​។ ទន្ទឹមនេះ ក៏​ចង់​ប្រាប់​យុវជន​ទាំងអស់​ថា កាលពី​ជាង​៤០​ឆ្នាំមុន គឺ​របប​ឃោរឃៅ​នេះ​មាន​ពិតប្រាកដ មិនមែន​ជា​រឿងនិទាន​នោះទេ ហើយ​អាច​សួរនាំ​ឪពុកម្តាយ ជីដូន ជីតា ចាស់ៗ ឫ​ក៏​ស្រាវជ្រាវ​តាម​ឯកសារ​ផ្សេងៗ​បាន​។​

​លោក​ទេសរដ្ឋមន្ដ្រី មាស សុភា បាន​បញ្ជាក់ទៀតថា បើ​គ្មាន​សម្តេច​តេជោ ហ៊ុន សែន និង​បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ នោះ​យើង​ក៏​គ្មាន​ឱកាស​នឹង​បាន​ជួបជុំ​គ្នា​ដូច​ពេល​នេះ​ដែរ​៕