អភិបាល​ខេត្ត​កំពត​៖ ក្រៅ​ពី​កត្តា​សុខ​សន្តិភាព​អ្នក​ដែល​ត្រូវ​ផ្តល់​ភាព​សុខសាន្ត​ជូន​ពលរដ្ឋ​ផ្ទាល់ និង​ជា​អចិន្ត្រៃយ​គឺ​អាជ្ញាធរ​មូលដ្ឋាន​

​អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា ក្រោយពី​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ អ្នក​ដែល​ត្រូវ​ផ្តល់​ភាពសុខសាន្ត និង​ត្រូវ​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺ​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​លោក​មេភូមិ មេឃុំ ស្មៀន ភូមិបាល មេ​ប៉ុស្តិ៍ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ផ្ទាល់​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​បន្ទាយមាស កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​ម៉ឺន​នាក់ មកពី​ឃុំ​ចំនួន​បួន​គឺ​៖ ឃុំ​បន្ទាយ​មាស​ខាងកើត ឃុំ​បន្ទាយ​មាស​ខាងលិច ឃុំ​ត្នោត​ចុង​ស្រង់ និង​ឃុំ​ព្រៃ​ទន្លេ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ក្រោយពី​សម្តេច​តេជោ ហ៊ុន សែន បាន​នាំយក​មក​នូវ​សុខ​សន្តិភាព​ពេញលេញ​ពេញ​ផ្ទៃ​ប្រទេស​ដោយ​លំបាក​ដោយ​ជីវិត​រួចមក អ្នក​ដែល​ត្រូវ​ផ្តល់​នូវ​ភាពសុខសាន្ត​ជា​អចិន្ត្រៃយ៍​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ គឺ​មាន​លោក​មេភូមិ មេឃុំ ស្មៀន ភូមិបាល មេ​ប៉ុស្តិ៍ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ផ្ទាល់​។​

​ឯកឧត្តម​បាន​បន្ថែមថា ប្រសិន​បើ​លោក​មេភូមិ មេឃុំ ស្មៀន ភូមិបាល មេ​ប៉ុស្តិ៍ ឬ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន មិន​បាន​ផ្តល់​នូវ​ភាពសុខសាន្ត​ជូន​ពលរដ្ឋ​នោះ​ទេ នោះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នឹង​មិន​អាច​ទទួលបាន​ភាពសុខសាន្ត​ជា​អចិន្ត្រៃយ៍​នោះទេ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការ​ផ្តល់​ឋានៈ​តួនាទី​ខាងលើនេះ គឺ​ដើម្បី​ឱ្យមក​បំរើ​ពលរដ្ឋ មិនមែន​អាង​មានអំណាច ឋានៈ តួនាទី មក​ធ្វើបាប​ពលរដ្ឋ យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ឬ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​នោះទេ ហើយ​ប្រសិនបើ​មាន​ករណី​នេះ​ឯកឧត្តម​និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងនោះ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​រួបរួម​សាមគ្គី​គ្នា ស្រឡាញ់គ្នា កុំ​លាប​ពណ៌​គ្នា រួម​គ្នា​អភិវឌ្ឍន៍​មូលដ្ឋាន​ក្រោម​ម្លប់​សន្តិភាព​ទាំងអស់គ្នា ជា​ពិសេស​ត្រូវ​ចូលរួម​រាយការណ៍​ពី​ភាព​អសកម្ម​របស់​មន្ត្រី​នៅ​មូលដ្ឋាន​ដែល​បង្កឱ្យមាន​ការលំបាក​ដល់​បងប្អូន​ទៅកាន់​ឯកឧត្តម​ផ្ទាល់​។ ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន កូនក្មួយ ដែល​គ្រប់​អាយុ​បោះឆ្នោត ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ ដើម្បី​បោះឆ្នោត​ជូន​សម្តេច​តេជោ ដែល​ជា​ស្ថាបនិក​សន្តិភាព​ឱ្យ​បន្ត​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​បន្ត​ទៅមុខ​ទៀត​៕