​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ កងកម្លាំង អតីតយុទ្ធជន និវត្ត​ជន ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​

(​បាត់ដំបង​) ៖​នា​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ កងកម្លាំង អតីតយុទ្ធជន និវត្ត​ជន ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ស្រុក​សំឡូត ដែល​ជា​អតីត​ទឹកដី​សមរភូមិ​សង្គ្រាម​ចុង​ក្រោយ​មួយ សម្រាប់​ការខិតខំ​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​សម្រេច បាន​សមិទ្ធផល​នានា​ជាច្រើន និង​បាន​ថ្លែង​បង្ហាញ​ការដឹងគុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អតីតយុទ្ធជន និង​និវត្តជន​ទាំងអស់​ក្នុងស្រុក​ដែល​តស៊ូ​លះបង់ ធ្វើ​ពលិកម្ម​យ៉ាង​លំបាក​ចូលរួម​នាំមក​នូវ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​វឌ្ឍនភាព​សង្គម​។​

​ក្នុងឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ក៏​បាន​គូសបញ្ជាក់​អំពី​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​វិបត្តិ​សង្គ្រាម ព្រមទាំង​បញ្ជាក់​អំពី​ស្ថានភាព​ផ្ទៃក្នុង​ប្រទេស ដែល​ក្រុមប្រឆាំង​ជ្រុលនិយម​នៅតែ​បន្ត​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​។ យ៉ាងណាក៏ដោយ សម្ដេច​បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​នានា​ដោយ​មាន​ការគាំទ្រ និង​ការចូលរួម​ពី មន្ត្រីរាជការ កងកម្លាំង មាន​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជា​ពល ក្នុងនោះ​រួម​ទាំង​ក្នុង​ស្រុក​សំឡូត​ផងដែរ ដែល​ធ្វើឱ្យ​ប្រទេស​ជាតិ​អាច​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​នានា​ជា​សាកល រួម​ទាំង​ជំងឺ​កូវី​ដ​-១៩ ព្រមទាំង​ទប់ស្កាត់បាន​នូវ​រាល់​ឧបាយកល​ទុច្ចរិត​របស់​ក្រុមប្រឆាំង​ជ្រុលនិយម រក្សា​បាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

​សម្ដេច​បាន​បន្ត​មាន​ប្រសាសន៍​អំពី​សមិទ្ធផល​នានា ដែល​កើតចេញ​ពី​មូលដ្ឋាន​នៃ​ការខិតខំ​ប្រឹងប្រែង​ថែរក្សា​សុខសន្តិភាព ក្នុងនោះ​មាន​ដូចជា​ការបន្ត​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ពិសេស​ការរៀបចំ​ការ​បោះឆ្នោត​ជា​ទៀងទាត់ ការដាក់ចេញ​គោលនយោបាយ​ពង្រឹង​សេដ្ឋកិច្ចជាតិ ធានា​ការផ្ដល់​សេវា​សាធារណៈ និង​ការបន្ត​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ក្នុងនោះ​ក៏​មាន​ការអភិវឌ្ឍ​ធនធានមនុស្ស ផ្លូវ​គមនាគមន៍ ទឹកស្អាត និង​ប្រព័ន្ធ​ធា​រាស្ត្រ និង​ការ​ត​បណ្ដាញ​អគ្គិសនី​។ សម្ដេច​ក៏​បាន​គូសបញ្ជាក់​អំពី​ស្នាដៃ​នៃ​ការដឹកនាំ​កិច្ចប្រជុំ​អាស៊ាន និង​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ឆ្នាំ​២០២៣ ផងដែរ​។​

​ក្រៅពីនេះ សម្ដេច​ក្រឡាហោម បាន​ស្នើសុំ​អង្គពិធី​បន្ត​រួមគ្នា​ថែរក្សា​ការពារ​សុខ​សន្តិភាព​ជា​អាទិភាព ដើរ​ទន្ទឹម​គ្នា​នឹង​ការខិតខំ​ថែរក្សា​សន្តិសុខ សណ្ដាប់​សាធារណៈ និង​ការ​បន្ត​ការងារ​ជា​ប្រក្រតី​តាម​តួនាទី និង​ភារកិច្ច​។ សម្ដេច​ក៏​បាន​ស្នើ​ឱ្យ​បន្ត​រួម​គ្នា​ជំរុញ​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ព្រមទាំង​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ធ្វើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនី​តិកាល​ទី​៧ នា​ខែ​កក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន ដើម្បី​រួម​គ្នា​រក្សា​ស្ថេរភាព​ជាតិ និង​ការអភិវឌ្ឍ​តាម​គន្លង​ប្រជាធិបតេយ្យ​៕