សារ​ពី​ប្រជាពលរដ្ឋ​! ពិតជា​ថ្លើមធំ​មែន បុគ្គល​ម្នាក់​ហ៊ាន​ធ្វើ​សកម្មភាព​បោះបង្គោល​ថ្ម​រឹងមាំ​ចំ​ពាក់កណ្តាល​ផ្លូវ​សាធារណ​ទាំង​យប់​មិន​រំខាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​កែប​

កែប​៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ក្រុមការងារ ផ្សារ​ព័ត៌មាន​យើង ទទួលបាន​សារ​ពី​ប្រពល​រដ្ឋ​មកពី​ខេត្ត​កែប បាន​បង្ហាញ​ចំងល់ និង​រិះគន់​ចំពោះ​អាជ្ញាធរ​សង្កាត់ ក្រុង និង​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​បណ្តែតបណ្តោយ​ឱ្យ​ជន​មានអំណាច មាន​ឥទ្ធិពល​បោះ​បង្គោលរបង​ថ្ម​រឹងមាំ​ទាំងយប់​ចំ​ពាក់កណ្តាល​ផ្លូវ​ក្រាល​កៅស៊ូ​មួយកន្លែង​យ៉ាង​រំ​ភ្លើ​យ ដោយ​គ្មាន​ការរំខាន​ដល់​អស់លោក​ឡើយ​។​

​សេចក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ មកកាន់​អង្គភាព​ថា មាន​ករណី​បុគ្គល​មានអំណាច មាន​លុយ​បានបញ្ជាក​ម្មករ​ប្រើប្រាស់​ម៉ាស៊ីន​ខួង​ដើម្បី​ដាំ​បង្គោល​ថ្ម​ចំ​កណ្ដាល​ទ្រូងផ្លូវ ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​បន្តិច​សោះឡើយ​។ ចំពោះ​ទីតាំង​ផ្លូវ​ដែល​ត្រូវ​បាន​រំលោភ​ដោយ​បុគ្គល​មាន​អំណាច​នោះ ត្រូវបាន​ប្រជាពលរដ្ឋ ប្រាប់ឱ្យដឹង​ថា ស្ថិតនៅ​ភូមិ​-​សង្កាត់​កែប ក្រុង​-​ខេត្ត​កែប​។​

​ប្រជាពលរដ្ឋ បានឱ្យដឹង​ទៀត​ថា មិនដឹង​ជា​បុគ្គល​នោះ​មានអំណាច លុយកាក់ បុណ្យស័ក្តិ ខ្នងបង្អែក​ប៉ុនណា​នោះ បានជា​ថ្លើមធំ​ហ៊ាន​លួច​ជីក​ដាំ​បង្គោលរបង​ពាក់កណ្តាល​ទ្រូងផ្លូវ​ទាំង​យប់​បែប​នេះ​។​

​ពួកគាត់​បាន​បន្ថែម​ទៀត​ថា ផ្លូវ​ក្រាល​កៅស៊ូ​នេះ ពី​ដើមឡើយ​ធ្លាយ​ទៅ​ដល់​មាត់សមុទ្រ ប៉ុន្តែ​ក្រោយមក​គេ​ធ្វើ​ផ្លូវ​កាត់​មួយ​ទៀត​កាត់​ផ្លូវ​ចាស់​នេះ ហើយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចេញ ចូល​រាប់សិប​ឆ្នាំ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បានបញ្ជាក់​ថា ចំពោះ​បង្គោលរបង​ដែល​ត្រូវបាន​បុគ្គល​មានអំណាច​ដាំ​រំលោភ​យក​ផ្លូវ​សាធារណ​នោះ​មាន​ប្រមាណ ២០​ដើម គឺ​ដាំ​នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា និង​មិន​បាន​រំខាន​អាជ្ញាធរ​សង្កាត់ ក្រុង និង​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​ឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ លោក ណុប សំអុល ចៅ​សង្កាត់​កែប បាន​ថ្លែង​ប្រាប់​សារព័ត៌មាន យើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា «​ចំពោះ​ករណី​មាន​បុគ្កល​ជា​ម្ចាស់​ដី​បាន​ដាំ​បង្គោល​រំលោភ​លើ​ផ្លូវ​សាធារណ​នោះ ខាង​អាជ្ញាធរ​សង្កាត់ និង​ក្រុង​បាន​ចុះ​ទៅ​ទប់ស្កាត់​ជា​បណ្តោះអាសន្ន​ហើយ ប៉ុន្តែ​យើង​មិនបាន​ជួប​ក្រុមកម្មករ ឬ​ម្ចាស់​ដី​នោះទេ​»​។ លោក​ចៅសង្កាត់​បាន​បន្ថែ​ម​ទៀតថា «​អត្ត​សញ្ញា​ម្ចាស់​ដី​ក៏​អាជ្ញាធរ​មិន​ទាន់​ស្គាល់​ដែរ ព្រោះ​ដី​ក្នុង​សង្កាត់​កែប ភាគច្រើន​អ្នក​មក​ពី​ឆ្ងាយៗ ហើយ​សកម្ម​នោះ អាជ្ញាធរ​សង្កាត់​ពិតជា​បាន​មើលឃើញ​ថា បាន​រំលោភ​ចូល​មក​លើ​ដី​ផ្លូវ​ខ្លះ​ពិតប្រាកដ​មែន​»​។​

​លោក ខេង យ័ន អភិបាលក្រុង​កែប បាន​ប្រាប់ថា «​ករណី​ដាំ​បង្គោលរបង​លើផ្លូវ​នោះ អាជ្ញាធរ​បាន​ទទួល​ព័ត៌មាន​រួចហើយ និង​បាន​ឱ្យ​មន្ត្រី​ជំនាញ​ភូមិបាល សា​ធាណ​ការ សហការ​ជាមួយ​សង្កាត់ ចុះ​ពិនិត្យ​មើល​លើ​ប​ញ្ហ​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ​ថា ម្ចាស់​ទីតាំង​ដី​នោះ​ពិតជា​រំលោភ​លើ​ផ្លូវ​សាធារណ ឬ​យ៉ាងណា​ព្រោះ​យើង​មិនទាន់​ច្បាស់លាស់​ទេ ត្រូវមាន​ការផ្ទៀងផ្ទាត់​ប្លង់​កម្មសិទ្ធិ​»​។

​លោក​អភិបាលក្រុង​បន្ថែមថា «​ជាក់ស្តែង​យើង​មើលទៅ​ឃើញថា រំលោភ​ពាក់កណ្តាល​ផ្លូវ​ពិតប្រាកដ​ហើយ និង​មាន​សុំ​ច្បាប់​អនុញ្ញាត​សាងសង់​ពី​សំណាក់​អាជ្ញាធរ​សង្កាត់ ក្រុង និង​មន្ត្រី​ជំនាញ​នោះ​ទេ​។ ការដាំ​បង្គោលរបង​នោះ​ក៏​មិនមែន​ជា​សំណង់​រឹងមាំ​អ្វី​ដែរ គ្រាន់តែ​ដាំ​បង្គោល​ថ្ម​ទេ ប៉ុន្តែ​យើង​បាន​ហាមឃាត់ និង​ផ្អាក​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការផ្ទៀងផ្ទាត់​របស់​មន្ត្រី​ជំនាញ​»៕