​ជួយសង្គ្រោះ​ភ្នំ​ជប់ ភ្នំ​ត្នោត​និង ភ្នំ​កកេះ​ផង ឈ្មួញ​កាយ​ដី​លក់​ស្ទើរ​បាត់​រូបរាង​អស់ហើយ​

កំពត ៖ ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ខេត្ត​កំពត បាន​ឃើញជាក់ស្តែង នឹង​ភ្នែក បានអោយដឹងថា ភ្នំ​ជាច្រើន​នៅ ក្នុង​ភូមិសាស្ត្រ​ខេត្ត កំពត ត្រូវ​គេ​ជីក​កកាយ យក​អាចម៍ដី និង​ថ្ម​ធ្វើ​ជា​អាជីវកម្ម ស្ទើរតែ​បាត់​រូបរាង​ទៅហើយ ដែល​នេះ​ពិតជា មាន​ចិត្ត​សង្វេគ​ខ្លាំង​បំផុត ព្រោះ​ភ្នំ​នេះ បាន​បន្សល់ទុក​តាំងពី​ដូនតា មក​រាប់ពាន់​ឆ្នាំ​មកហើយ​។

​ខ្ញុំ​មិនដឹងថា ក្រុម​អ្នក​ធ្វើ អាជីវកម្ម​មាន​អាជ្ញាប័ណ្ណ ឬ​គ្មាន​នោះឡើយ គ្រា​ដែល​ក្រុមហ៊ុន​ឯកជន មួយ​កំពុង​ធ្វើ សកម្មភាព​ជី​កកាយ​អាចម៍ដី​និង​ថ្ម​យកទៅ​លក់​យ៉ាង​រលូន​បែបនេះ ។​

​ខ្ញុំ​កត់សម្គាល់ថា ភ្នំ​ដែល​កំពុង​រង​ការជីក​កាយ​យក​អាចម៍​ដី និង​ថ្ម​យ៉ាង​ពេញបន្ទុក​នោះ ភាគច្រើន​គឺ​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ខេត្ត​កំពត​នោះឡើយ ដូចជា​ភ្នំ​ជប់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត និង​ភ្នំ​ត្នោត ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​ជា​ដើម​។​

​ក្រៅ​ពី​ភ្នំ​ដែល បាន​បង្ហាញ​ខាងលើ ខ្ញុំ​មាន​ការចាប់អារម្មណ៍​ភ្នំ មួយទៀត​ដែល គេ​កំពុង​ធ្វើ​អាជីវកម្ម យក​អាចម៍ដី​ដឹក ជញ្ជូន​លក់ យ៉ាង​រំភើយ​គ្មាន អ្នកណា​ជួយ​គិតគូរ​គឺ​ភ្នំ​កកេះ ប៉ែក​ខាងត្បូង ដោយ​នេះ​ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​

​ភ្នំ​កកេះ​ត្រូវបាន​គេ យក​គ្រឿងចក្រ មក​ជីក​កកាយ ស្ទើរ​រលាយ​ទៅហើយ ប៉ុន្តែ​ហាក់​មិនដែល​ឃើញ​ផ្នែក​ជំនាញ ណា​ម្នាក់​ចុះទៅ ត្រួតពិនិត្យ​នោះ​ទេ ។

​ម្យ៉ាង​ទៀត​ក្រុម​រថយន្ត ដឹកជញ្ជូន​អាចម៍ដី​បាន​ឈូស​គាស់ កាយ​យក​ដី និង​ថ្ម​ស្ទើរ​អស់​មួយ​ចំហៀង ភ្នំ​ទៅ​ហើយ ព្រមទាំង​បាន​បង្ក​ហានិភ័យ ដល់ ពលរដ្ឋ​រស់នៅ​ក្បែរ​ភូមិសាស្ត្រ​នោះ ដូច​ជា​ការ បង្ហុយ ធូលី​ដី មាន​សភាព​ហុយ ទ្រលោម​ចាប់ពី​ព្រឹក​ដល់​ល្ងាច ធ្វើឲ្យ​លំបាក​ក្នុង​ការហូប ចុក ដេក​នៅ​មិន​បាន​ទេ ។​

​ខ្ញុំ​ឆ្ងល់​ថា គេ​ធ្វើ​អាជីវកម្ម​នៅ​ភ្នំ​ទាំងនេះ តើ​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​សម្រាប់​ឱ្យធ្វើ​អាជីវកម្ម​ឬទេ បើ​មាន​មែន​តើ​មាន​ដែន​កំណត់​ដែរ​ឬទេ​? ចំណែក​នៅ​ភ្នំ​ជប់​និង​ភ្នំ​ត្នោត​មាន​ការដ្ឋាន​ចំនួន​៣​កន្លែង គឺ​ការដ្ឋាន​ដឹក​ដី​មួយ​កន្លែង​និង​ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​ពីរ​កន្លែង ប៉ុន្តែ​ខ្ញុំ​មិនដឹង​ជា​ក្រុមហ៊ុន​ណា​ខ្លះ​ទេ ដោយ​ការដ្ឋាន​ទាំងបី​នេះ​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ជី​កកាយ​យក​អាចម៍ដី និង​ថ្ម ជា​រៀងរាល់ថ្ងៃ​ចង់​រលាយ​ភ្នំ​ទៅហើយ​។ សូម​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជួយ​បញ្ជាក់​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប​ផង ព្រោះ​សព្វថ្ងៃ​នេះ​ភ្នំ​ទាំង​៣ ត្រូវ ឈ្មួញ​កាយ​ដី​លក់​ស្ទើរ​បាត់​រូបរាង​អស់ហើយ​។​ចំណែក​ប្រជាពលរដ្ឋ​វិញ​បាន​ត្រឹម​ទទួល​ស្រូប​យក​បរិស្ថាន​​នៃ​ការរស់នៅ​អាក្រក់​ពី​ការដឹកជញ្ជូន​អាចម៍ដី​និង​ថ្ម​ដោយ​ធូលី​ហុយ​ព្រឹកល្ងាច​របស់​ក្រុម​ឈ្មួញ​តែប៉ុណ្ណោះ ៕
​ពី​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​កំពត​