នគរបាល​ខេត្ត​មណ្ឌលគិរី​ប្រទះ​ឃើញ​និងបង្ក្រាបឈើ​ឃ្លុំ​ជាង​២០០​កំណាត់ នៅ​ចំណុច​ព្រំដែន​កម្ពុជា​វៀតណាម

ខេត្ត​មណ្ឌលគិរី ៖ ឈើ​ឃ្លុំ​ជាង​២០០ កំណាត់ ត្រូវបាន​នគរបាល​ខេត្តមណ្ឌលគិរី​បង្ក្រាបបាន​នៅ​ចំណុច​ព្រំដែន​កម្ពុជា​វៀតណាម ខណៈ​កំណាត់ឈើ​ជាច្រើន​ត្រូវបាន​ប្រភព​និយាយថា គេ​ដឹក​ជញ្ជូន​ទៅ​លក់​ឲ្យ​ថៅ​យួន​អស់​មួយ​គំនរ​ធំ​ទៅហើយ​។​

​ប្រតិបត្តិការ​បង្ក្រាប​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី 24 ខែ​មករា ឆ្នាំ 2021 ក្រោយ​មាន​ការ​ស្ងប់ស្ងាត់​អស់​មួយ​រយៈពេល​ធំ នៅ​ចន្លោះ​ប៉ុស្តិ៍​អូរ​រ៉ូ និង​ប៉ុស្តិ៍​ម្រើច ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី និយាម​ការ​លេខ ០៧៧៥៣៥៥-១៤៥៥៩១៤ ក្នុង​ដែន​សមត្ថកិច្ច​ដែន​ជម្រក​សត្វព្រៃ ស្រែ​ពក និង​វរ​នគរបាល​កា​ពារ​ព្រំដែន​គោក​លេខ​៣០៣ ។​

​សមត្ថកិច្ច​ចម្រុះ មាន​សមាសភាព ដូចជា ស្នងការរង​ព្រំដែន​, នាយករង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​, មេបញ្ជាការ​/​បញ្ជាកា​រង​វរៈ​៣០៣, នាយរង​(​ខ​២), អនុប្រធាន​ស្នាក់ការ គឺ​បាន​ដឹកនាំ​មន្ត្រី ក្រោម​ឱវាទ ចុះបង្ក្រាប​ភ្លាមៗ និង​រាយការណ៍ ជូន​ថ្នាក់លើ​រៀងៗ​ខ្លួន​ផង​ដែរ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ នៅ​ថ្ងៃ​ទី​២៥ មករា​នេះ បានឲ្យដឹងថា ចំណុច​កើត​មាន​បទល្មើស គឺ​ស្ថិត​ក្បែរ​ផ្លូវ​ព្រះ​នរោត្តម ចម្ងាយ​ពី​ប៉ុស្តិ៍​កា​ពារ​ព្រំដែន អូរ​រ៉ូ ជាង ៣ គីឡូម៉ែត្រ និង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ដែន​ជម្រក សត្វព្រៃ​ស្រែ​ពក​។

​លោក​បាន​និយាយថា ឈើ​ដែល​ត្រូវ​រឹបអូស មាន​ចំនួន ២៣៧​កំណាត់ ដោយ​មាន​សុ​ក្រំ ចំនួន ២៣២ កំណាត់​, ខ្វា​វ ៤ កំណាត់ និង​ធ្មៀរ ១​កំណាត់ រួមទាំង វត្ថុតាង​មួយ​ចំនួន​។​

​សមត្ថកិច្ច កំពុង​រិះរក​វិធី​ដឹកឈើ​ទាំងនោះ​ដោយ​ប្រើ​ម៉ូតូ យក​វត្ថុតាង​ទៅ​រក្សាទុក នៅ​ប៉ុស្តិ៍​នគរបាល​អូរ​រ៉ូ ដើម្បី​ចងក្រង​សំណុំរឿង តាម​ច្បាប់​ស្តីអំពី​តំបន់​កា​ពារ​ធម្មជាតិ​។​

​លោក ប៉ែន ភ័ក្ត្រ​ត្រា នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ព​ក​បាន​ឲ្យ​អ្នកកាសែ​តដឹង​នៅ​រសៀល​ថ្ងៃទី ២៥ ថា សូម​មើល​តាម​ចំណុច​ផែនទី​នេះ គឺ​នៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន កន្លងមក ខាង​បរិស្ថាន មិន​បាន​ដាក់​ស្នាក់ការ​ឈរជើង នៅ​នោះ​ទេ​ដោយសារ​ការខ្វះខាត​កម្លាំង​។ ហើយ​នោះ​គឺ​ទីតាំង​តាម​បន្ទាត់​ព្រំដែន​វា​គឺជា​តំបន់​ដែល​មិនទាន់​មាន​ការដោះស្រាយរ​វាង​អាជ្ញាធរ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដូច្នេះ​ការ​ដាក់​ទីតាំង​អ្វី​នោះ គឺ​មិន​ទាន់​មាន​នោះទេ​។​

​អញ្ចឹង​យើង​មើល​ផែនទី​នេះ​ទៅ​គឺ​ដឹង​ថា​ឈើ​នៅ​កន្លែង​ណា ដោយ​លោក​នាយក​ដែន​ជម្រក​បានបញ្ជាក់​ថា កុំ​ឱ្យ​ពិបាក​ឆ្ងល់​ឬ​ការពន្យល់​អ្វី យក​ផែនទី​ទៅ​មើល ទៅ​គឺ ដឹង​ហើយ​ថា​វា​យ៉ាងម៉េច ហើយ​គិត​មួយសន្ទុះ​ទៅ​គឺ​ដឹង​ហើយ បើ​មាន​ករណី​នេះ​គឺ ខាង​បរិស្ថាន​មិន​លើកលែងឲ្យ​មន្ត្រី​ឡើយ​។​

​ចំណែក​លោក ទិន ស៊ីន មេបញ្ជាការ​វរ​កា​ពារ​ព្រំដែន​លេខ​៣០៣ មិនអាច​សុំ​ការបំភ្លឺ​បាន​ឡើយ ដោយសារ​គ្មាន​អ្នក​ឆ្លើយតប​។​

​ជុំវិញ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំនុច​ខាងលើ​នេះ ហើយ​មន្ត្រី​ជំនាញ​ឆ្លើយថា មិនដឹង ត្រូវបាន​លោកស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រតិកម្ម​តប​ថា នេះ​គឺជា​ការឆ្លើយ​ចោទប្រកាន់​ទៅលើ​មន្ត្រី​កងកម្លាំង ទម្លាក់កំហុស​មក​លើ​កម្លាំង​សមត្ថកិច្ច​ទៅ​វិញ​… ។​

​លោក​ស្នងការ​ខេត្ត​បានបញ្ជាក់​ថា ករណី​នេះ​គឺ​ខាង​លោក​និង​កម្លាំង​របស់លោក បាន​ហៅ​ខាង​បរិស្ថាន​ទៅ​សហការ ដោយសារ​តែ​កម្លាំង​របស់​លោក​បាន​រុករក​ឃើញ និង​មាន​ការរាយការណ៍​ជូន​ថ្នាក់លើ​រួមជាមួយ​នឹង​ការកំណត់​ទីតាំង​និង​ការពារ​វត្ថុតាង​រួចរាល់ ទើប​កម្លាំង​ខាង​បរិស្ថាន​នោះបាន​ចូល​ទៅ​ដល់​តាម​ក្រោយ​៕​