​ឯកឧត្ដម​បណ្ឌិត ចាន់ ដា​រ៉ុង អញ្ជើញ​នាំយក​ទៀនវស្សា ទេយ្យទាន និង​បច្ច័យ ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន ៦​វត្ត ក្នុង​ឃុំ​ខ្នា​ឆ្មា​រ និង​ឃុំ​ធ្លក​វៀន ក្នុង​ស្រុក​សាមគ្គី​មានជ័យ​

​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្ដម​បណ្ឌិត ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ រួម​ជាមួយ​សហការី ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ បាន​នាំ​យក​ទៀនវស្សា ទេយ្យទាន និង​បច្ច័យ ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន ៦​វត្ត ក្នុងនោះ​មានៈ ឃុំ​ខ្នា​ឆ្មា​រ ចំនួន​២​វត្ត និង​ឃុំ​ធ្លក​វៀន ចំនួន​៤​វត្ត ដែល​បាន​ប្រារព្ធ​ពិធី​នៅ​ទីតាំង​វត្តបុទ​ម​រង្សី ហៅ​វត្ត​ឈូក ស្ថិតនៅ​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ​។

​សម្ភារ ទៀន​វស្សា ទេយ្យទាន និង​បច្ច័យ ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន ៦​វត្ត​នោះ​ដោយ​ក្នុង​មួយ​វត្តៗ​ទទួលបាន​៖ សាដក​ចំនួន​១ សម្រាប់​, ទានវស្សា​ចំនួន ១​គូ​, អង្ករ​ចំនួន​១ បាវ ៥០ គីឡូក្រាម​, មី​ជាតិ​ចំនួន ១២​កេស​តូច​, ទឹក​ផ្លែឈើ ចំនួន​២​កេស​, ទឹក​សុទ្ធ​ចំនួន​២​កេស​, នំ​ចំនួន​២​ធុង​, ទឹកដោះគោ​ចំនួន​១៦​កំប៉ុង​, តែ​ចំនួន​១​គីឡូក្រាម​, ស្ករស ចំនួន​២​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​ចំនួន​១២​ដប​, ទឹកត្រី​ចំនួន​១២​ដប​, ប្រេងឆា​ចំនួន​៤ លីត្រ​, បច្ច័យ​ព្រះសង្ឃ​ចំនួន ៦​អង្គ ក្នុង​១​អង្គ​ចំនួន ៥​ម៉ឺន​រៀល និង​បច្ច័យ​ចូល​បុណ្យ​ទាន​ព្រះវស្សា​ក្នុង​១​វត្ត ចំនួន ៣០​ម៉ឺន​រៀល ជូន លោកតា លោកយាយ ចូលរួម ១​នាក់ ចំនួន ១​ម៉ឺន​រៀល ចំនួន ១០០ នាក់ ប្រជា​ការពារ​ចូលរួម​សរុប​ចំនួន ២០​ម៉ឺន​រៀល និង​ក្រុមប្រឹក្សា​ឃុំ​ទាំងពីរ​ដែល​បាន​ចូលរួម​ចំនួន​២៦ ម៉ឺន​រៀល​។​

​បន្ទាប់​ពី​បញ្ចប់​កម្មវិធី​ប្រគេន​ទៀនវស្សា ឯកឧត្ដម​បណ្ឌិត អញ្ជើញ​ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ធ្លក​វៀន និង​ឃុំ​ខ្នា​ឆ្មា​រ ដើម្បី​ជំរុញ​ការងារ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ទីទ័លក្រ​គ្មាន​ទីពឹង ដើម្បី​រៀបចំ​កម្មវិធី​ជួយឧបត្ថម្ភ និង​រៀបចំ​បច្ចុប្បន្នភាព​ខ្នង​ផ្ទះ​ដែល​មិន​ទាន់​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ និង​បន្ត​ជំរុញ​ឱ្យ​ចូលរួម​សាងសង់​បង្គន់​ជាមួយ​ការជួយ​គាំទ្រ​របស់​ក្រុមការងារ ក្រុមប្រឹក្សាឃុំ និង​អង្គការ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​មូលដ្ឋាន​នៃ​ឃុំ​ទាំង​ពីរ ៕
​សុខ គឹម​សៀន​