
អភិបាលខេត្តកំពង់ចាម ៖ គោលដៅ សំខាន់បំផុតរបស់យុវជនសសយកគឺការកសាង កម្លាំងធ្វើការងារដោយឆន្ទៈមោះមុតនិងស្មារតីស្មោះត្រង់
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅ អនុវត្ត ឆ្នាំ ២០២១ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថាគោលដៅសំខាន់បំផុតរបស់សហភាពសហព័ន្ធយុវជនកម្ពុជាគឺការកសាងកម្លាំងធ្វើយ៉ាងណាឲ្យយុវជនរបស់យើងធ្វើការងារប្រកប ដោយឆន្ទៈមុះមុតនិងក្នុងស្មារតីស្មោះត្រង់ ដើម្បីចូលរួមការពាររាជរដ្ឋាភិបាល ស្របច្បាប់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រោះឆន្ទៈនេះហើយជាមូលដ្ឋានគ្រឹះសម្រាប់ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឲ្យកាន់តែមានការរីកចម្រើន ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថារដ្ឋបាលខេត្តកំពង់ចាមបានផ្តល់ការគាំទ្រនិងសហការជានិច្ចចំពោះការអនុវត្តការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលមានគោលដៅបម្រើផលប្រយោជន៍សាធារណៈនៅគ្រប់មូលដ្ឋាន។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លាប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអនុវត្តការងាររបស់ខ្លួនដោយត្រូវសហការជាមួយដៃគូអភិវឌ្ឍនានាទាំងវិស័យឯកជនអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គម ក្នុងនោះយុវជនដែលជាធនធានមនុស្សប្រកប ដោយចំណេះ ជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេណក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។
លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិអនុប្រធានទី១សហភាពសហព័ន្ធយុវជនកម្ពុជា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពី សំណាក់ ឯកឧត្ដម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏បានធ្វើការសំណូមពរដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមឲ្យខិតខំពង្រឹងនិងពង្រីករចនាសម្័ពន្ធរបស់ខ្លូនឲ្យមានការរីកចម្រើនដើម្បីបំពេញបេសកកម្មបម្រើដល់សង្គមជាតិជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ (Covid-19) ផងដែរ ៕