អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៧​ខ្នង នៅ​ក្បែរ​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ​

​ភ្នំពេញ ៖ ផ្ទះ​ប្រជាព​រដ្ឋ​ចំនួន​៧​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​លើ​ក្រោម​ថ្ម ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជាច្រើន​ចុះមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បត្តិ៏ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់​របង​វត្ត​ចាស់ ក្នុង​ក្រុម​២ ភូមិ​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

​បេីតា​ម​សម្ដី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ផ្ទះ​របស់​គាត់​ជាប់​និង​ផ្ទះ​ឆេះ​មុន​គេ​នោះ បាន​ប្រាប់ឲ្យដឹង​ថា ផ្ទះ​រងគ្រោះ​ធ្វើ​អំពី​ឈើ​ប្រក់​សង្ក័សី និង​បើក​សិប្បកម្ម​ធ្វើ​តុ​ក​ទូ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ហើយ​ចាក់សោរ​ចោល ស្រាប់តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ពេលនោះ​ប្រជាពលរដ្ឋ​ឃើញ​ដូច្នេះ​ក៏​ប្រញាប់ប្រញាល​នាំគ្នា​រត់​ចេញ និង​ខ្លះ​ក៏​បាន​ប្រមូល​សម្ភារៈ​បន្តិច​បន្ទួ​ចចេញ​មក​ជាមួយ​ផង​ដែរ ទើប​រាលដាល​ដល់​ផ្ទះ​ជាប់​គ្នា​ជា​បន្តបន្ទាប់​ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​អន្តរាគមន៍​ជា​ច្រើន​គ្រឿង​មក​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង តែ​អ្វី​ដែល​គួរឲ្យ​សោកស្ដាយ​នោះផ្ទះ​ប្រជាពលរដ្ឋ​ត្រូវបាន​គ្រោះ​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​ទៅ​ហើយ ។

​ក្នុង​ករណី​គ្រោះ​អគ្គីភ័យ​ខាង​លើ​នេះ គឺ​មិន​មាន​អ្នកណា​បាត់បង់​ជីវិត​នោះទេ ដោយ​សមត្ថកិច្ច​បានឲ្យដឹងថា គ្រោះ​អគ្គីភ័យ​នេះ​ផ្ដើមចេញ​ពី​ឆ្លង​ចរន្ត​អគ្គីសនី និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន​១៧​គ្រឿង​ផង​ដែរ ៕