
អភិបាលខេត្តកំពត ចុះពិនិត្យ និងជំរុញស្ថាបនាខឿនជញ្ចើមផ្លូវអមសងខាងផ្លូវប៉េតុង ពីចំណុចភ្លើងស្តុបផ្សារសាមគ្គី ទៅដល់ផ្លូវរថភ្លើង
កំពត ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងមានការចូលរួម ពីអភិបាលក្រុងកំពត ចៅសង្កាត់កំពង់បាយ និងមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានអញ្ជើញចុះពិនិត្យការស្ថាបនាសាងសង់កែលម្អបន្ថែមផ្លូវ និងផ្លូវថ្មើជើងអ្នកដំណើរ និងប្រព័ន្ធលូអមសងខាងផ្លូវបេតុង លើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គីទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង ដែលជាគម្រោងផ្លូវបេតុងសរសៃដែក មានប្រវែង១.១០០ម៉ែត្រ ទទឹង១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក(០,២៤ម៉ែត្រ) ដែលអនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុន CRBC។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានជំរុញដល់ក្រុមអ្នកម៉ៅការអោយពន្លឿននៃការស្ថាបនានេះអោយបានឆាប់រហ័ស និងមានគុណភាព សោភ័ណ្ឌភាព ព្រោះផ្លូវនេះគឺជាផ្លូវមួយដែលសំខាន់សម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកំសាន្តក្នុងខេត្តកំពត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានអោយអាជ្ញាធរក្រុង និងមន្ទីរសាធារណៈការខេត្ត រៀបចំប្រព័ន្ធលូអមសងខាងផ្លូវអោយបានត្រឹមត្រូវតាមស្តង់ដារ ជៀសវាងមានការលិចទឹក ឬស្ទះលូដែលអាចបណ្តាលអោយមានការខូចខាតផ្លូវ និងបាត់បង់សោភ័ណ្ឌភាពក្នុងក្រុង។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការគ្នា ក្នុងដំណើរការអនុវត្តគម្រោងស្ថាបនាកែលម្អតាមដងផ្លូវនេះឲ្យបានល្អ និងសម្រេចបានលទ្ធផលជោគជ័យ។
សូមបញ្ជក់ថា ក្រោយពីគម្រោងស្ថាបនាផ្លូវប៉េតុងរបស់ក្រុមហ៊ុន CRBC រួចរាល់មក រដ្ឋបាលខេត្តកំពត ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានបន្តការកែលម្អ សោភ័ណភាព អនាម័យបរិស្ថាន តាមចិញ្ចើមផ្លូវ ដូចជាការកែលម្អប្រព័ន្ធលូ និងផ្លូវថ្មើជើងអ្នកដំណើរ ព្រមទាំងគម្រោងដាំដើមឈើអមសងខាងផ្លូវបន្ថែមទៀតជាដើម៕