បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ស្ទូច​បើក​លឿន​បុក​ចំ​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​

ភ្នំពេញ​៖ រថយន្តស្ទូច​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​បុរស​ម្នាក់ កំពុង​តែ​ជិះ​ម៉ូតូ​ចំ​ពេញទំហឹង បណ្តាលឲ្យ​កិន​ក្បាល​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​មុខ​វត្ត​កប់​ស្រូវ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ឈាន ឈឺ​ន​ហឺ អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស លាយ​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-3144 ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​ល្មម ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មាន​រថយន្តស្ទួ​ចដឹក​សសរគ្រឹះ​មួយគ្រឿង​ម៉ាក Nissan ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A.2888 ធ្វើដំណើរ​ឡើង​ចេញពី​ផ្លូវ​បេតុង​មកពី​ទិស​ខាងត្បូង ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​បុក​បុរស​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក MSX ចំ​ពេញទំហឹង​រួច​កិន​ចំក្បាល បណ្តាលឲ្យ​បែកក្បាល​ស្លាប់​នៅ​កន្លែង​ភ្លាមៗ​។ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច​រថយន្ត​បាន​បើក​គេច​ចេញពី​កន្លែងកើតហេតុ​ទៅ​ទិស​ខាងលិច រួច​ក៏​បាន​បត់​ចូល​តាម​ផ្លូវលំ​ប្រមាណ​កន្លះ​គីឡូម៉ែត្រ ក្នុងភូមិ​កប់​ស្រូវ​ធំ​មាន​រោងការ​មួយ​កណ្តាល​ផ្លូវ ក៏បាន​ឈប់​រថយន្ត​រត់គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​សម្រួល​ចរាចរណ៍​ធ្វើការ​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​បាញ់ថ្នាំ​ម៉ូតូ​រងគ្រោះ និង​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ធ្វើ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ចំណែកឯ​សព​ត្រូវបាន​ក្រុមគ្រួសារ​នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕