អាជ្ញាធរ​ខេត្ត​សៀមរាប អនុវត្ត​ការរុះរើ​សំណង់​ផលប៉ះពាល់​នៅ​មាត់​ស្ទឹង​សៀមរាប !

មាន​ក្រុមអ្នកតវ៉ា​ប្រមាណ​ជា​១០​នាក់ បាន​ចេញ​មក​បញ្ចេញមតិ និង​រារាំង​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​សៀមរាប ដែល​កំពុង​ប្រតិបត្តិការណ័ អនុវត្ត​សេចក្តី​ជូនដឹំណឹង ស្តី​ពី​ការរុះរើ​សំណង់​ដែល​គ្មាន​ច្បាប់ នៅ​សេសសល់​ចំនួន​១០​ទីតាំង ស្មើនឹង​១១​គ្រួសារ​។ អ្នក​តវ៉ា​ទាំងនេះ គឺជា​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​ចំណី​ដងស្ទឹង​សៀមរាប តំបន់​មិន​ស្របច្បាប់ ទៅ​រស់នៅ​លើ​ទីតាំង​ថ្មី នៃ​តំបន់​អភិវឌ្ឍ​ធម្មជាតិ​រុន​តា​ឯក ភូមិ​តានី ឃុំ​រុន​តា​ឯក នៃ​ស្រុក​បន្ទាយស្រី ដោយ​ទទួល​បាន​របប​គោលនយោបាយ ដី​លំនៅដ្ខាន​ក្នុង​១​គ្រួសារ​ទំហំ​២០​ម៉ែត្រ គុណ​និង​៣០​ម៉ែត្រ នោះ​។

​នៅ​ក្នុង​ការ​តវ៉ា​នេះ យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​ក្រុមការងារ អញ្ចើញ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សម្របសម្រួល ចាត់ចែង​តាម​ច្បាប់ និង​នីតិវិធី ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​។​

​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប នៅ​ក្នុង​ប្រតិបត្តិការ​នោះ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​។ សេចក្តីរាយការណ៍​នេះ បាន​បញ្ចាក់​ថា បន្ទាប់​ពី​ចំណាត់ការ​នេះ ក្រុម​ការងារ​បាន​បន្ត​ប្រតិបត្តិ​ការណ៍​របស់​ខ្លួន ក្រោម​ការសម្របសម្រួល​ពី​ក្រុម​ការងារ​ចំពោះ​កិច្ច ដោយ​បាន​រុះរើ​របង​រួច​ទាំងស្រុង និង​រុះរើ​ផ្ទះ​បាន​ហាសិប​ភាគរយ ព្រមទាំង​បាន​ទទួលយក​សំណើ​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​ព្រម​ទទួលយក​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការអនុវត្ត​គម្រោង​នេះ ផងដែរ​។

​គួរ​បញ្ជាក់ដែរថា មុន​នឹង​ឈាន​មក​ដល់​ប្រតិបត្តិការ​នេះ អាជ្ញាធរខេត្ត​បាន​ចេញ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់ ស្តី​ពី​ការរុះរើ​សំណង់​ផលប៉ះពាល់​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ និង​គម្រោង​កែ​លម្អ​ដងស្ទឹង​សៀមរាប នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។

​នៅក្នុង​គម្រោង​នេះ គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​រស់នៅ​លើ​ចំណី​ដងស្ទឹង​សៀមរាប ចាប់ពី​ចំណុច​ស្ពាន​នាគ ដល់​ស្ពាន​អង្គរ មាន​ភូមិ​ទ្រាំង និង​ភូមិ​មណ្ឌល​៣ នៃ​សង្កាត់​ស្លក្រាម ក្រោម​ការសម្របសម្រួល​ដោយ​រដ្ឋបាល​ខេត្ត ក្នុងចំណោម​ប្រជា​ពល​រដ្ឋា​៤៣១​គ្រួសារ មាន​ប្រជាពលរដ្ឋ​៤២០​គ្រួសារ​ហើយ ដែល​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​មិន​រៀបរយ ទទួលយក​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ទៅ​រស់នៅ​លើ​តំបន់​អភិវឌ្ឍ​ថ្មី​។

​បើ​តាម​ការឲ្យដឹង​របស់​អាជ្ញាធរខេត្ត ប្រតិបត្តិការ​បោសសម្អាត​សំណង់​មិន​រៀបរយ​ដែល​បង្ក​ផលប៉ះពាល់​ដល់​សោភ័ណភាព​ដងស្ទឹង​សៀមរាប​នេះ នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១៕