រថយន្ត និង​ម៉ូតូ​សណ្តោង​លួច​ដឹក​ជ្រូក​១៩​ក្បាល​ចេញពី​ស្រុក​ថៃ​ត្រូវ​កំលាំង​សម្ថ​កិច្ច​ចំរុះ​ឃាត់​

បន្ទាយមានជ័យ​៖ រថយន្ត​និង​ម៉ូតូ​សណ្តោង​លួច​ដឹក​ជ្រូក​១៩​ក្បាល​ចេញពី​ថៃ​តាម​ច្រករបៀង​ត្រូវ លោក តាន់​ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​សហការ​ជាមួយ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ និង​កំលាំងយោធា​ទំនាក់ទំនង​ព្រំដែន​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក បាន​ចុះ​ស្ទាក់​ចាប់បាន​។​

​សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា​៖ ករណី​ទី​១​នៅវេលា​ម៉ោង​១​និង ៣១​នាទី​យប់ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​មាន​រថយន្ត​ម៉ាក​TOYOTA CAMARY ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-1715 លួច​ដឹក​ជ្រូក​រស់​ចំនួន​៨​ក្បាល​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​កំបុត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​យក​មក​ចែកចាយ​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ក្រុម​ការងារ​បាន​ឃាត់​នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​ចំណែក​ករណី​ទី​២​នៅវេលា​ម៉ោង​៣ និង​៦​នាទី ទាបភ្លឺ ថ្ងៃទី​១៩ ខែ​កុម្ភះ ឆ្នាំ ២០២១​ឃាត់​បាន​ម៉ូតូ​សន្ដោង​រ៉ឺម៉ក​មួយគ្រឿង ម៉ាក​HONDA WAVE ពណ៍​ខ្មៅ​លាយ​បៃតង់ ដឹក​សត្វ​ជ្រូក​រស់​ចំនួន​១១​ក្បាល​។​ម៉ូតូ​ខាងលើ​ដឹក​ជ្រូក​រស់​មកពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​យក​មក​ចែកចាយ​នៅ ខេត្ត​បាត់ដំបង ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​ក្រុម​ការងារ​បាន​ឃាត់​នៅ​ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

​វត្ថុតាង​ទាំង​២​មាន​រថយន្ត និង​ម៉ូតូ​សណ្តោង​លួច​ដឹក​ជ្រូក​១៩ ក្បាល​នោះ​ត្រូវ​សមត្ថកិច្ច​ចំរុះ​យក​មក​រក្សាទុក​នៅ​ទីតាំង​ចត្តា​ឡីស័​ក​សត្វ​របស់ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕