​រដ្ឋបាល​ខេត្ត​កំពត​ត្រៀម​អគារ​បី​កន្លែង​បន្ថែមទៀត​សម្រាប់​ទុក​ធ្វើ​ចត្តា​ឡី​ស័ក​

​ដោយ​អនុវត្ត​តាម​ការណែនាំ​ក៏​ដូច​ជា​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​អគារ​បី​កន្លែង​បន្ថែម​ទៀត​សម្រាប់​ត្រៀម​ទុក​ធ្វើ​ចត្តា​ឡី​ស័ក ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់​មក​ពី​ធ្វើការ​នៅ​ក្រៅប្រទេស​។

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ជាវ តា​យ​អភិបាល​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​អង្គភាព​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ទីតាំង អគារ​មួយ​ចំនួន​ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​ត្រៀម​សម្រាប់ធ្វើ​ចត្តា​ឡី​ស័ក ក្នុងករណី​ដែល​មាន​ប្រជាពលរដ្ឋ​វិលត្រឡប់​មក​ពី​ធ្វើការ​ក្រៅប្រទេស​។ ពិសេស​ពលករ​វិលត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​អាច​មាន​ចំនួន​ច្រើន នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ ។​

​ទី​កន្លែង​ថ្មី​បន្ថែម​សម្រាប់​ធ្វើ​ច​តាឡី​ស័ក ចំនួន​៣​កន្លែង​នោះ​មាន ទី​១​នៅ​អគារ​ចាស់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត នៅក្នុង​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​, ទី​២​នៅ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត និង​ទី​៣ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី​ខេត្ត ដែល​ទីតាំង​ទាំងពីរ​នេះ​ស្ថិតនៅក្នុង​ភូមិ​ជុំ​គ្រៀល​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ខេត្ត​កំពត ដែល​មាន​បន្ទប់​ប្រមាណ​ពី ៧០ ទៅ​៨០​បន្ទប់ ខណៈ​កន្លង​មក​រដ្ឋបាលខេត្ត​បាន​ត្រៀម​បន្ទប់​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ចំនួន​៥ ដែល​មាន​បន្ទប់​សរុប​ប្រមាណ ១៧០​បន្ទប់​នោះ​។

​ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត​បាន​លើក​បញ្ជាក់​ថា បញ្ហា​ការឆ្លង​រាតត្បាត​ដោយ​ជំងឺ​កូវី​ដ​១៩ នៅតែ​ជា​បញ្ហា​សកល ដែល​ពិភពលោក​កំពុង​បន្ត​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ជា​រៀងរាល់ថ្ងៃ​។
ដោយឡែក​កម្ពុជា សម្ដេច​តេជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​ការគ្រប់គ្រង​ស្ថាន​ការ មិនឲ្យ​មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​ទេ​។ យ៉ាងណាមិញ​រដ្ឋបាលខេត្ត​កំពត តែងតែ​បាន​ចូលរួម​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ខ្ពស់ អំពី​បញ្ហា​បង្ការ​ទប់ស្កាត់ ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩​នេះ​ជា​ប្រចាំ​ផងដែរ​។

ជាក់ស្តែង​ការជ្រើសរើស​ទីតាំង​ថ្មី​បន្ថែម​សម្រាប់​ការធ្វើ ច​តាឡី​ស័ក នាពេលនេះ គឺជា​ការអនុវត្ត​ស្រប​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ធានា​ដល់​ដំណើរការ​ធ្វើ​ចត្តា​ឡី​ស័ក ក្នុងករណី​ដែល​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​វិលត្រឡប់​ពី​ក្រៅ​ប្រទេស ពិសេស​ពលករ​មកពី​ប្រទេស​ថៃ​ដែល​អាច​នឹង​មាន​ចំនួន​ច្រើន ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុននេះ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​និង​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រួម​សហការ​គ្នា​ឲ្យបាន​ល្អ​ក្នុង​ការរៀបចំ​ទីតាំង​អាគារ​ថ្មី​បន្ថែម​នេះ ឲ្យបាន​សមរម្យ​មានទាំ​ងទឹក ភ្លើង និង​បន្ទប់​សម្រាក​ស្អាត ប្រកបដោយ​អនាម័យ និង​បរិស្ថាន​ល្អ​៕