អាជ្ញាធរខេត្ត តុលាការ និង​អយ្យការ​ខេត្ត​ព្រះវិហារ បាន​ពិនិត្យ និង​បិទ​កញ្ចប់​គ្រឿងញៀន​មាន​ទម្ងន់​ជាង ២០​គីឡូក្រាម ដែល​កម្លាំង​សមត្ថកិច្ច​រួម​គ្នា​បង្រាបបាន ក្នុង​រយះពេល​១​ឆ្នាំ​កន្លងមកនេះ ដើម្បី​នាំយក​ទៅ​ដុត​កម្ទេច​ចោល នៅ​ខេត្ត​ស្ទឹងត្រែង ភាគ​ឥ​សាន្ត​កម្ពុជា !

​ខេត្ត​ព្រះវិហារ​៖ គ្រឿងញៀន​មាន​ទម្ងន់​ជាង ២០​គីឡូក្រាម និង​មាន​តម្លៃ​ជាង ១​លាន​ដុល្លារ​អាមេរិក ដែល​បានមកពី​ការបង្ក្រាប ពី​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ នា​រយះពេល​១​ឆ្នាំ​២០១៩ កន្លងមកនេះ ត្រូវបាន​ធ្វើ​ការត្រួតពិនិត្យ និង​វេច​ខ្ចប់​នោះ​ហើយ ដើម្បី​ត្រៀម​នាំយក​ទៅ​ដុត​បំផ្លាញចោល នា​បំណាច់​ខែ​មិថុនា​នេះ នៅក្នុង​ខេត្ត​ស្ទឹងត្រែង ។​

​ការត្រួតពិនិត្យ​លើ​ការ​វេច​ខ្ចប់​គ្រឿងញៀន ទាំង​ជាង​២០​គីឡូក្រាម​នោះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៦​មិថុនា​ឆ្នាំ​២០២០ ក្រោម​វត្តមាន អភិបាលរង​ខេត្ត​ព្រះវិហារ លោក ស៊ូ សិរី ដែល​ជា​តំណាង អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ,​ប្រធាន​សាលាដំបូង​ខេត្ត លោក អៀង គឹម​ថុល ,​ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ និង​មាន​ការចូលរួម ពី​តំណាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ,​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួម​នឹង​មន្ត្រី​ជាច្រើន​រូប​ទៀត នៅក្នុង​សាលាដំបូង​ខេត្ត​ព្រះវិហារ ។​

​អភិបាលរង​ខេត្ត​ព្រះវិហារ លោក ស៊ូ សិរី បាន​មានប្រសាសន៍ អោយដឹង​នៅ​ថ្ងៃទី​២៧​មិថុនា​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​លើក​ទី​៥ ដោយ​តម្រូវអោយ​អនុវត្ត យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ទូទាំង​ប្រទេស ហើយ​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ បាន​ដាក់ចេញ​នូវ​បទបញ្ជា ចំពោះ​កម្លាំង​សមត្ថកិច្ច​ខេត្ត អោយ​សហការ​រួមគ្នា អនុវត្ត​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​នេះ យ៉ាង​ម៉ឺងម៉ាត់​បំផុត​។
​លោក​មានប្រសាសន៍​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ខេត្ត នៅក្នុង​រយះពេល​១​ឆ្នាំ​២០១៩ កន្លងមកនេះ បាន​ខិតខំ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ហើយ​បាន​រួមគ្នា​អនុវត្ត លើ​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ដោយ​សម្រេចបាន​លទ្ធផល ធ្វើការ​បង្ក្រាប​បាន​ចំនួន ២៦​ករណី រឹបអូស​បាន​គ្រឿងញៀន ២​ប្រភេទ គឺ​ប្រភេទ​មេតំ​ហ្វេ​តា​មីន​គ្រាប់ និង​មេតំ​ហ្វេ​តា​មីន ice ម៉ា​ទឹកកក មាន​ចំនួន​សរុប ២០,១០២.៩៤​ក្រាម «២​ម៉ឺន ១០២.៩៤​ក្រាម​» ស្មើ ២០​គីឡូក្រាម ១០២.៩៤​ក្រាម​។

​លោក​អភិបាលរង​ខេត្ត មានប្រសាសន៍​ទៀត​ថា ថ្នាំញៀន​ដែល​មាន​ទម្ងន់ ២០​គីឡូក្រាម ១០២.៩៤​ក្រាម ដែល​បានមកពី​ការបង្ក្រាប របស់​កម្លាំង​សមត្ថកិច្ច​ខេត្ត​នោះ បើ​តាម​ការ​ប៉ាន់​ប្រមាណ​ជា​ទឹកប្រាក់ មាន​មិន​ក្រោម​ពី ១​លាន​ដុល្លារ​អាមេរិក​នោះឡើយ​។ ចំពោះ​ការ​វេច​ខ្ចប់​នៅក្នុង​ពេល​នេះ គឺ​យើង​បាន​ធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់​ចង់ និង​ត្រឹមត្រូវ​បំផុត ដើម្បី​ត្រៀម​នាំយក​ទៅ​ដាក់​ដុត​បំផ្លាញចោល នៅ​ថ្ងៃ​ទី​៣០​មិថុនា​ឆ្នាំ​២០២០ ខាងមុខនេះ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ការចូលរួម​ពី​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌល់គិរី និង​ខេត្ត​ក្រចេះ ស្ថិត​នៅ​ភាគ​ឥ​សាន្ត នៃ​ប្រទេស​កម្ពុជា​៕