​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ខ​.​ប​.​ជ​) ខេត្ត ចុះ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី​

កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ លេខាធិការដ្ឋាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ខ​.​ប​.​ជ​) ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​វេទិកា ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន និង​ការបង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោកស្រី ប៊​ន សុ​ភី អភិបាល រង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ខ​.​ប​.​ជ​) ខេត្ត​កំពង់ឆ្នាំង​។

​ដោយ​មាន​ការចូលរួម​ពី​លោកស្រី ពេជ្រ សុភា ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត លោក​អនុប្រធាន​មន្ទីរ​សង្គមកិច្ច លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោកស្រី​អភិបាលរង​ស្រុក​ជល​គិរី លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ជា​ក្រុម​លេខា​នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​, កម្លាំង​មាន​សមត្ថកិច្ច​, មេ ឃុំ មេភូមិ​, អាជ្ញាធរ​, និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ចូលរួម​ផង​ដែរ​។

​គោលបំណង​នៃ​ការរៀបចំ​វេទិកា គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​កាន់តែច្បាស់​អំពី​ការធ្វើ​ចំណាកស្រុក ជៀសវាង​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន តាម​ការឃោសនា របស់​មេខ្យល់​អូសទាញ និង​ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព​ផងដែរ​។

​ក្នុងឱកាស​នោះ​លោកជំទាវ បាន លើកឡើងថាៈ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ការគិតគូរ​យកចិត្តទុកដាក់ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​អនុសាសន៍ ណែនាំ​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ខ​.​ប​.​ជ​) និង​ក្រោម​ការចង្អុល​ទិស​ដោយ​ផ្ទាល់​ពី ប្រធាន (​គ​.​ខ​.​ប​.​ជ​) ខេត្ត បាន​ជម្រុញ ពង្រឹង​ការអនុវត្ត​ការងារ ដល់​គណៈកម្មាធិការ គ​.​ខ​.​ប​.​ជ រាជធានី ខេត្ត ក្រុម​លេខាធិការដ្ឋាន និង​ក្រុមការងារ​ជំនាញ​អន្តរ មន្ទីរ អង្គភាព ឱ្យ​យកចិត្តទុកដាក់​ខ្ពស់ អនុវត្ត​ការងារ​រួមគ្នា បង្ការ​ទប់ស្កាត់ និង​ចាត់វិធានការ​តាមច្បាប់ ឱ្យបាន​ទាន់​ពេលវេលា ចំពោះ​ជនល្មើស និង​មេខ្យល់​ដែល​បាន​ប្រើ​ប្រជាភិថុត​តាម​គ្រប់​រូបភាព​។​

​ក្នុងឱកាស​នោះ​លោកជំទាវ បាន​ធ្វើ​ផ្សព្វផ្សាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ពី​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​ទូ​ទាំង​សកលលោក ត្រូវតែ​ប្រុងប្រយ័ត្ន និង​អនុវត្ត​តាម​វិធានការ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តាម​គោល​កាណ៍ ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ជា​ប្រចាំ ដើម្បី​ចូលរួម​ទាំងអស់គ្នា​កុំឱ្យ​កើតមាន​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ដំណាក់កាល​ដែល​មាន​រលក​ទី​២​នេះ នៅក្នុង​សហគមន៍​យើង​ជា​ដាច់ខាត​។

​លោកជំទាវ​បាន​ធ្វើ​ការអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការ​ចិញ្ចឹមសត្វ​ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​។ ក្នុងនោះ​លោក​ជំទាវ រួម​ជាមួយ​ក្រុម​ការងា​រ​បាន​ចែក​ក្រ​ម៉ា ជូន​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី​។ នឹង​បន្ត​យក​សម្ភារ រួម​ជាមួយ​ថវិកា​មួយចំនួន ជូន​ដល់​លោកយាយ ចាស់ជរា អាយុ​៩១ ឆ្នាំ មាន​ជំងឺ ប្រចាំកា​យ​ចំនួន​១​គ្រួសារ និង​ផ្តល់​សម្ភារ​ដល់​ឃុំ​មានៈ អង្ករ ចំនួន ០៤ បេតូច ឃី​ត​៤ និង​ជូន​ដល់​ស្ត្រី​មេម៉ាយ​ចំនួន ០២​គ្រួសារ តាមរយៈ​នារី​ស្រុក​ផង​ដែរ ៕