ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ទាំង​ឈើ​៣០​កំណាត់​ដែល​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​

(​រតនគិរី​)÷ ឈើ​ជា​ច្រើន​កំណាត់​ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ បន្ទាប់ពី​ក្រុម​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​.​។​ត្រូវ​នគរបាល​សេដ្ឋកិច្ច​បង្ក្រាប​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ម៉ូតូ​ដឹកឈើ​ល្មើសច្បាប់​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​

​ក្នុងនោះ​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​÷ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ កម្លាំង​PM​ស្រុក​អូរយ៉ាដាវ កម្លាំង​PM​ផ្ទៃ​ប្រទេស កម្លាំង​បរិស្ថាន​ស្រុក​អូរយ៉ាដាវ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មាន​ការចង្អុល​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត ថង សាវុន ដោយ​មាន​ការសម្របសម្រួល​ពី​លោក ងិន ពេជ្រ ព្រះរាជអាជ្ញា លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​ខេត្ត ព្រមទាំង​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឲ្យ ដឹង​នៅ​ថ្ងៃទី​២៨​មិថុនា​នេះ ថា ឈើ​ដែល​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​និង​រឹបអូស​នោះ​ជា​ប្រភេទ​ឈើ​ផ្ចឹក​,​ឈើ​សុ​ក្រំ និង​ឈើ​ស្រឡៅ មាន​មុខកាត់​ធំៗ​ប្រវែង​៣​ម៉ែត្រ​ចំនួន​៣០​កំណាត់ ហើយ​បាន​រឹបអូស​យក​ម៉ូតូ​កែច្នៃ​បាន​មួយគ្រឿង ។​

​លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ខេត្ត​បាន​បន្តទៀតថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ផន សុខ​នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ហើយ​បាន​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​

​លោក​ថា ជនសង្ស័យ​ឈ្មោះ ផន សុខ​នី ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​នៅ​វេ​លា​ម៉ោង​៣​រសៀល ថ្ងៃទី​២៩​មិថុនា​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​បន្ត​។