​ការស្តារ​ប្រឡាយ​ធ្វើ​ផ្លូវ​បើក​កាណូទូ​កនៅ​ក្នុងភូមិ​ឆ្នុកទ្រូ​លោក​មេឃុំ​ឆ្នុកទ្រូ​អះអាងថា នឹង​ធ្វើ​អោយ​ហើយ​មុន​ទឹកទន្លេ​ឡើង ដើម្បី​អោយ​ទូក​កាណូត​ប្រជាពលរដ្ឋ​បាន​បើក​ចូល​មក​ទុក​ជិត​ភូមិដ្ឋាន​

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​មាត់កំពង់​ភូមិ​ឆ្នុក ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​សំដែង​ការបារម្ភ​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​៖ ការស្ដារ​ប្រឡាយ​ធ្វើ​ផ្លូវ​សំរាប់​បើកទូក​កាណូត​របស់​អាជ្ញាធរ​ឃុំ​ឆ្នុក​ទ្រូ ពី​ផ្សារ​មាត់កំពង់​ភូមិ​ឆ្នុកទ្រូ ទៅកាន់​ភូមិ​ឆ្នុកទ្រូ​ថ្មី​ដែល​មាន​ប្រវែង​ប្រមាណ​១៥០០​ម៉ែត្រ​មក​ដល់ពេលនេះ ធ្វើបាន​ច្រើន​ហើយ​ប៉ុន្តែ​មិនដឹងថា មុន​ពេល​ទឹកទន្លេ​ឡើង​មក​ក្នុង​ពេល​ឆាប់​នេះ​អាច​ធ្វើ​រួច​ឬទេ បើ​ធ្វើ​មិន​រួច​ទេ​នោះ​គឺ​ពួកគាត់​ពិតជា​យ៉ាប់​ទៀតហើយ ដោយ​មិន​អាច​បើក​ទូក​កាណូត​របស់​គាត់​ទៅ​ទុកដាក់​ជិត​ភូមិដ្ឋាន​ថ្មី​បាន​ឡើង ព្រោះ​កន្លងមក​ពេញ​មួយឆ្នាំ​ហើយ​ដែល​ពួកគាត់​បាន​ទុក​ទូក​កាណូត​ចោល​នៅ​ផ្សារ​មាត់កំពង់​មាត់ទន្លេ ឆ្ងាយ​ពី​ភូមិ​កំពុង​រស់នៅ ។

​ដូច្នេះ​ពួកគាត់​សុំ​សំណូមពរ​យ៉ាង​តូច​ដល់​លោក​ឃុំ​ឆ្នុកទ្រូ មេត្តា​ជួយ​ពន្លឿន​ការស្ដារ​ប្រឡាយ​ទឹក​នេះ​អោយ​បាន​រួចរាល់​ទាន់​រដូវ​ទឹកទន្លេ​ឡើង ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​បើកទូក​កាណូត​មក​ទុក​ដាក់​នៅ​ជិត​ភូមិដ្ឋាន​ពួកគាត់​ផង​ចុះ ដើម្បី​កុំអោយ​មាន​ការបាត់បង់ ឬ​លិច​ទឹក​បាត់​នៅក្នុង​រដូវ​ទឹក​ឡើង ។​

​ទាក់ទង​នឹង​ក្តីព្រួយបារម្ភ​នេះ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​និយាយ​អោយដឹងថា​៖ ការពិត​ការស្តារ​ប្រឡាយ​សំរាប់ធ្វើ​ផ្លូវទឹក​ខាងលើនេះ គឺ​ធ្វើបាន​៨៥%​ហើយ សព្វថ្ងៃ​ក្រុមហ៊ុន​គី​រី​ឧត្តម ដែលជា​អ្នក​ជួយ​ស្តារ​ប្រឡាយ​នេះ បាន​ទប់​ទំនប់​តូច​ដោយ​កន្លែង ដើម្បី​ទប់​ទឹក​កុំឲ្យ​ភ្លៀង​ហូរ​ចូល​កន្លែង​ដែល​កំពុង​កកាយ​អា​ចម៌ដី ដើម្បី​អោយ​គ្រឿងចក្រ​កកាយ​ដី​ស្តារ​ប្រឡាយ​បាន​ស្រួល​ដឹកជញ្ជូន​ដី​ចេញ​តែប៉ុណ្ណោះ ។

​ដូច្នេះ​បើ​ទឹកទន្លេ​ឡើង​ចូល​មក​គ្រឿងចក្រ សំរុក​កកាយ​ទំនប់​តូចៗ​នោះ​ចោល​តែ​២,៣​ថ្ងៃ​គឺ​នឹង​រួចរាល់​ហើយ ដែល​អាច​អោយ​ទូក​កាណូត​ប្រជាពលរដ្ឋ​បើក​ចូល​មក​ពី​ទន្លេ​តាមផ្លូវ​ប្រឡាយ​នេះ ដើម្បី​ទុកដាក់​ទូក​គាណូត​ជិត​ភូមិ​បាន​ហើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មាន​ការព្រួយបារម្ភ​អី ។​

​លោក​មេឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​៖ ប្រឡាយ​ដែល​កំពុង​ស្តារ​ជា​រៀង​រាល់​ថ្ងៃនេះ មាន​ប្រវែង​ប្រមាណ ១៤០០​ម៉ែត្រ មាត់​លើ​មាន​ប្រវែង​៥០​ម៉ែត្រ បាត​ក្រោម​មាន​ប្រវែង​២០​ម៉ែត្រ និង​ជំរៅ​មាន​ប្រវែង​ពី​៦​ទៅ​៨​ម៉ែត្រ ដើម្បី​ជួយ​សម្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹគ​នៅក្នុង​មូលដ្ឋាន ដែល​ក្រុមហ៊ុន​គី​រី​ឧត្តម​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ឃុំ ជា​អ្នក​ជួយ​ស្តារ​ប្រឡាយ​នេះ ៕