ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៥០​គ្រួសារ មកពី​ឃុំ​ចំនួន​៣​ក្នុង​ស្រុក​ដងទង់ ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​

កំពត ÷ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែ មីនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ៥០​គ្រួសារ ដែល​មកពី​ឃុំ​អង្គរមាស ឃុំ​ល្អាង និង​ឃុំ មាន​រិទ្ធ ក្នុង​ស្រុក​ដងទង់ ខេត្ត​កំពត ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ សរុប ជាង​១០០​នាក់​។

​ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម ជាវ តា​យ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ដោយ​មិន​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ ដោយ​មិន​មាន​ការដោះស្រាយ​អ្វី​ឡើយ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា បើទោះបីជា​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាចជួយ​សម្រួល​ការលំបាក ខ្វះខាត​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។​

​ឯកឧត្តម ក៏​បាន​ក្រើនរំលឹក និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បន្ថែម​ទៀត​ចំពោះ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ជំងឺ​រាតត្បាត​ជា សកល ហើយ​បាន​នឹង​កំពុង​ឆ្លង​ចូល​ដល់​សហគមន៍​ក្នុងប្រទេស​កម្ពុជា ព្រម​ទាំង​ខេត្ត​មួយចំនួន​ដែល​នៅ​ជុំវិញ​ខេត្ត​កំពត​យើង ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា នូវ​វិធានការ ៣​ការពារ​(​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) និង ៣​កុំ​(​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា​) ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងី​កូវី​ដ​-១៩​។​

​អំណោយ​កាកបាទក្រហម​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៥០​គ្រួសារ រួមមានៈ ក្នុង​០១​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម មី​១​កេះ ទឹកត្រី​១​យួរ ស្ករស​១​គីឡូក្រាម និង​ថវិកា​២​ម៉ឺន​រៀល​។​