​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​បញ្ជូនទៅ​តុលាការ​ក្រោយ​រកឃើញ​ថ្នាំ​ញៀន​ជា​ច្រើនថង់​

​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​រកឃើញ​ថ្នាំ​ញៀន​ជា​ច្រើនថង់​ក្រោយ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ​។​ការឃាត់ខ្លួន​និង​រកឃើញ​ថ្នាំញៀន​នេះ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក ង៉េ​ង សុជា ស្នងការរង​នៃ​ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក ចែកចាយ ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​របស់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា មាស ចន្ទ័​ពិសិដ្ឋ ។​

​លោក​ថា​នេះ​ជា​ករណី​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មនុស្ស​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ​។​ក្នុងនោះ​មាន​ឈ្មោះ ឈិន សំពៅ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ទុយ សុភា អាយុ​៤៧​ឆ្នាំ ជា​ប្រពន្ធ មាន​ទៅ​លំនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ផ្កាឈូក មាន​អក្សរ wy លើ​គ្រាប់​ថ្នាំ​ម្ខាង ចំនួន​៣១​ថង់​ខៀវ ស្មើនឹង​៦.០០៥​គ្រាប់ ក្នុងនោះ​ថ្នាំញៀន​គ្រាប់​ពណ៌​បៃតង​ចំនួន​៦០​គ្រាប់ មាន​ទម្ងន់​៥៤០,៤៥​ក្រាម និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៥​ថង់ មាន​ទម្ងន់ ១៤៣,២២​ក្រាម ។ ជាមួយ​នោះ ក៏​បាន​ដកហូត​សម្ភារៈ​មួ​យំ​នួន​មាន​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង ធុង​ទឹកកក​ពណ៌​ក្រហម​ដែល​ជនសង្ស័យ​លាក់​កាបូប​ថ្នាំញៀន សំបក​វេច​ខ្ចប់ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំញៀន​ទាំង​នេះ​គឺ​ទទួល​យក​មក​ពី​ិ​មិត្តភក្តិ​សម្រាប់​លក់​ចែកចាយ​បន្ត​។​

​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ​មិថុនា​នេះ​ក្រោយ​សមត្ថកិច្ច​ជំនាញ​បញ្ចប់​ការសាកសួរ​និង​កសាង​សំណុំរឿង​រួចរាល់ ៕