
យាយលោក អូបាម៉ា ទទួលមរណៈភាពហើយ
លោកស្រី Sarah Onyango Obama ជីដូនរបស់អតីតប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា បានស្លាប់ក្នុងវ័យ៩៩ឆ្នាំ នៅក្នុងមន្ទីរពទ្យេមួយនាក្រុងKisumu ប្រទេសកេនយ៉ា កាលពីថ្ងៃទី២៩ មីនា ម្សិលមិញ។
លោក អូបាម៉ា បានរៀបរាប់លើបណ្តាញសង្គមថា លោកស្រីត្រូវបានគេស្គាល់ថា លោកយាយ Sarah ប៉ុន្តែសម្រាប់លោក និងក្រុមគ្រួសារ បានហៅលោកយាយ Dani ឬ Granny ។ លោកថា ពួកលោកនឹងនឹកលោកយាយនិងដឹងគុណលោកយាយជារៀងរហូត។
លោកយាយត្រូវបានគេស្គាល់ថា ជាគ្រូបង្រៀនជនជាតិកេនយ៉ា និងជាអ្នកគៀងគរមូលនិធិសប្បុរសធម៌ ដែលជួយដល់ការអប់រំក្មេងស្រីនិងកុមារកំព្រា ។ លោកស្រីក៏ធ្លាប់ត្រូវបានអង្គការសហប្រជាជាតិផ្តល់ពានរង្វាន់ក្នុងការទទួលស្គាល់លើកិច្ចការងារជួយអប់រំរបស់លោកស្រីកាលពីឆ្នាំ២០១៤ផងដែរ ។
អ្នកនាំពាក្យក្រុមគ្រួសាររបស់លោក អូបាម៉ា ថា លោកស្រីមានអាការៈមិនស្រួលខ្លួន ប្រមាណ១សប្តាហ៍ មុនពេលស្លាប់ប៉ុន្តែពុំមានជំងឺកូវីដ១៩ទេ៕