នារី​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ប៉ះ​ខឿន​ស្ពាន​ថ្មើរជើង បណ្តាល​ឱ្យ​ក្រឡាច់​ដួល ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ នៅលើ​ស្ពាន​ព្រែក​ព្នៅ​

ភ្នំពេញ​៖ នារី​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​មួយ​គ្រឿង​ប៉ះ​ខឿន​ស្ពាន​ថ្មើរជើង បណ្តាលឱ្យ​រេ​ចង្កូត​ក្រឡាច់​ដួល​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២១ នៅ​ចំណុច​គល់ស្ពា​ព្រែក​ព្នៅ​ខាងកើត ស្ថិតក្នុង​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​សព​រងគ្រោះ ឈ្មោះ ខុន ចាន់​ម៉ា​ខែ ភេទ​ស្រី អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ ចំណែកឯ​តៃកុង​រថយន្ត ឈ្មោះ ផុង សុភ័ណ្ឌ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​។ មាន​ស្រុកកំណើត​ភូមិ​ក្រញូង ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិត​មួយគ្រឿង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1IB-9509 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើតឡើង​លើ​ស្ពាន​ព្រែក​ព្នៅ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​ប៉ះ​ជាមួយ​ខឿន​ថ្មើរជើង​ស្ពាន​ព្រែក​ព្នៅ បណ្ដាលឱ្យ​រេ​ចង្កូត​ដួល ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​សណ្តោង​ធុន​ធំ​មួយគ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-7684 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​រួច​កិន បណ្ដាល​ឲ្យ​នារី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​តែម្ដង​។ ហើយ​ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ចុះ​មក​ដល់​រួច​ធ្វើការ​ឃាត់ខ្លួន​តៃកុង​រថយន្ត ដើម្បី​យក​ទៅ​សាកសួរ​នាំ​បន្ត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ទីតាំង​កន្លែង​កើតហេតុ រួច​ធ្វើ​ការទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ឱ្យ​ចុះមក​ធ្វើ​ការវាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទាំង​២​គ្រឿង យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​។ ចំណែកឯ សព​សមត្ថកិច្ច​ធ្វើការ​កំណត់ហេតុ​រួចរាល់​ប្រគល់ជូន​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕