
អភិបាលខេត្តកំពត អំពាវនាវឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ថែមទៀត នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
កំពត ÷ អភិបាលខេត្តកំពតបានលើកឡើងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុននេះ រដ្ឋបាលខេត្តមិនមានគោការណ៍ណែនាំណាមួយ ហាមប្រាមមិនឲ្យភ្ញៀវទេសចរមកលេងកម្សាន្តនោះទេ ដូច្នេះអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពត ត្រូវបន្តចូលរួមអនុវត្តវិធានការការពាជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឹចូលទៅដល់សហគមន៍ ។
ថ្លែងនៅក្នុងពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋប្រឈមងាយរងគ្រោះខ្វះខាតស្បៀងអាហារចំនួន១០៩គ្រួសារក្នុងស្រុកឈូកនិងស្រុកជុំគិរី នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ជាច្រើនរយនាក់ និងបានឆក់យកអាយុជីវិតមនុស្សអស់ចំនួន២១នាក់ហើយគិតត្រឹមថ្ងៃនេះ ។
ហើយដើម្បីចូលរួមទប់ស្កាត់ជំងឺនេះ រដ្ឋបាលរាជធានី ខេត្តបាននឹងកំពុងយកចិត្តទុកដាក់ អនុវត្តតាមវិធានការ និងបទបញ្ជាផ្សេងៗរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល។
ដោយឡែក សម្រាប់ខេត្តកំពត រដ្ឋបាលខេត្តមិនមានគោលការណ៍ណែនាំណាមួយ ដើម្បីហាមប្រាមភ្ញៀវទេសចរមិនឲ្យមកកម្សាន្តនៅឡើយទេ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតចូលមកដល់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រាកដជាមានអ្នកមកដើរលេងកម្សាន្ត ព្រោះខេត្តកំពតមិនមានអ្នកកើតជំងឺកូវីដ១៩នោះទេ ម្យ៉ាងខេត្តកំពតនៅជិត រាជធានីភ្នំពេញ និងមានកន្លែងដើរលេងកម្សាន្តច្រើនផងដែរ។
ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមបន្តពង្រឹងការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ រួមនឹងបទបញ្ជា និងការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលបានដាក់ជាវិធានការជាបន្តបន្ទាប់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ពិសេសវិធានការ បីកុំ និងបីការពារ ដើម្បីរួមគ្នាបញ្ចៀសការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះដល់ក្នុងសហគមន៍ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានចែកអំណោយ ជូនដល់ពលរដ្ឋ ប្រឈមនិងងាយរងគ្រោះទាំង១០៩គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល៕