ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ធ្វើកា​រ​បង្គ្រាប​រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់ មួយ​គ្រឿង​ក្នុង​ក្រុង​សៀមរាប​

រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវបាន​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ធ្វើការ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់ ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២១ ដោយ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ខ្នា​ថ្មី សង្កាត់​ជ្រាវ ក្រុង​និង​ខេត្តសៀមរាប​។​

​លោក ម៉ុង​ប៊ុន លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិកា​រណ៍​បង្គ្រាប​នេះ ធ្វើឡើង​ដោយ ក្រុម​ចល័ត​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ឃាត់​ចាប់​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​ម៉ាក​អី​ស៊ុយ​ហ្សុយ​ឌុយ​មិច ព៌ណ​ត្រេអី គ្មាន​ស្លាក​លេខ​។ លោក​បញ្ជាក់ថា រថយន្ត​ដឹកឈើ​មកពី​ខេត្ត​ព្រះវិហារ ចូល​មក​ក្រុង​សៀមរាប ខណៈពេលដែល​ក្រុម​ការងារ​បាន​ទទួល​បាន​ទើប​ស្ទាក់​ចាប់បាន​តែ​ម្តង ដោយឡែក​អ្នកបើកបរ រត់គេចខ្លួន​បាត់​ស្រម​ផល​។​

​ចំពោះ​វត្ថុតាង​ដែល​កម្លាំង​ជំនាញ​ដកហូត​បាន​រួម​មាន​៖ រថយន្ត​មួយ​គ្រឿង​ម៉ាក អី​ស៊ុយ​ហ្សុយ​ឌុយ​មិច ព៌ណ​ត្រេអី គ្នាន​ស្លាក​លេខ និង​ឈើ​អារ​ប្រភេទ​លេខ​១(​ឈើ​ផ្ចឹក​) ចំនួន​២០​ដុំ ស្មើនឹង​០,៨០ ម៉ែត្រ បច្ចុប្បន្ន​ចំពោះ​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​យកមក​ថែរក្សា​ទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​រៀបចំ​សំណុំរឿង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​ស្តីពី​ព្រៃឈើ​៕