អភិបាល​រាជធានី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​និង​ ​នាំយក​នូវ​ស្បៀងអាហារ​សម្ដេច​តេ​ជោមួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​ទាំង​យប់​នៅ​សង្កាត់​ទន្លេបាសាក់​

ភ្នំពេញ​៖ លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នៅ​រាត្រី​ថ្ងៃទី​០៥​ខែ​មេសា​នេះ បាន​នឹង​កំពុង​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ខណ្ឌ​ចំការមន ចុះ​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ភូមិ​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន និង​បាន​នាំយក​នូវ​ស្បៀងអាហារ​មួយចំនួន​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ជូន​ពួកគាត់​ផងដែរ ខណៈ​ដែល​ពួកគាត់​ជួប​ការលំបាក​ក្នុង​ជីវភាព ពេល​បាន​នឹង​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​ក្រោយ​ពី​ពួក​គាត់​មួយ​ចំនួន​បាន​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ដែល​មាន​វិជ្ជមាន covid -19 ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌចំការមន​បាន​បញ្ជាក់​ឲ្យដឹងថា ៖​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទី​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់​នេះ មាន​ចំនួន​ជាង​៣០០​គ្រួសារ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​របស់​យើង​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​ចត្តា​ឡីស័​ក​នោះ​គឺ​មាន​ចំនួន​តែ​ជាង​១៦០​គ្រួសារ​ប៉ុណ្ណោះ ។

​ដោយ​ការយកចិត្តទុកដាក់​ពី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទៅ​តាម​ការចង្អុល​ណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​លោក​ឃួង ស្រេង ចុះ​ដល់​ទីតាំង​ខាងលើ​និង​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​ទាំងយប់​តែម្តង ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនេះ​មាន​ជីវភាព​ខ្វះខាត​។​

​អំណោយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទទួល​ពី​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥ គីឡូក្រាម មី​មួយ​កេស ។​

​ក្នុងឱកាស​នោះ​លោក​ឃួង ស្រេង អភិបាល​រាជធានី​បាន​មានប្រសាសន៍ថា ៖​ពាក់ព័ន្ធ​នឹង ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ពោល​គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១​ខែ​មេសា​កន្លងមក​ឃើញថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៩៩​ភាគរយ​ហើយ ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ។ លោក​បញ្ជាក់ថា ៖​បើ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​យ៉ាង​សស្រាក់សស្រាំ​បែបនេះ ការបង្ការ​និង​ទប់ស្កាត់​ជំងឺ -១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ វា​នឹង​អាច​បញ្ចប់​នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​នេះ​បាន​ហើយ​៕