រដ្ឌបាល​ខេត្ត​កំពង់ឆ្នាំ​ង​បាន​ចាត់ប្រធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ពី​ខេត្ត​១​ទៅ​ខេត្ត​១ នៅ​ម៉ោង ០០​នាទី ឈានចូល​ថ្ងៃ​ទី ៧​ខែ​មេសា នេះ​តាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល

ខេត្ត​កំពង់ឆ្នាំង ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្ដី​ពី​ការហាមឃាត់​ការធ្វើដំណើរ និង​បិទ ទី​រមណីយដ្ឋាន ទេសចរណ៍​ទូទាំងប្រទេស នៅវេលា​ម៉ោង 00 នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី ៧ ខែ​មេសា​ឆ្នាំ​២០២១ នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ របស់ ខេត្ត​កំពង់ឆ្នាំង បានដាក់​គោលដៅ ឃាត់​ការធ្វើដំណើរ ចំនួន​៦ គោលដៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​19 ។

លោក​ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និង​ជា​អ្នកនាំពាក្យ របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ឆ្នាំង បានឲ្យ​ដឹង​ដល់​ព្រឹក​ថ្ងៃទី ៧ ខែ​មេសា នេះ​ថា ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងកា​រទប់​​ស្កាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ នៅវេលា​ម៉ោង 00:00 នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី ៧ ខែ​ ​មេសា ឆ្នាំ ២០២១​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​កំពង់ឆ្នាំង មាន​កម្លាំង​នគរបាល​ ​កងរាជអាវុធហត្ថ​.​អាជ្ញាធរ​បាន​សហការ​គ្នា​ដាក់​គោលដៅ ជាប់​ព្រំប្រទល់​ពី​ខេត្ត​១​ទៅ​ខេត្ត​១ ដោយ​ឃាត់ ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ចំនួន​៦ គោលដៅ​ធំៗ រួម​មាន​ស្រុក​កំពង់លែង​.​ស្រុក​ជល់​គិរី​.​ស្រុក​កំពង់​ត្រឡាច​.​ស្រុក​សាមគ្គី​មានជ័យ​.​ស្រុក​ទឹកផុស​.​និង​ស្រុក​បរិបូណ៌​។​

​លោក​បាន​បញ្ជាក់ថា គោលដៅ​ទាំង 6 ចំណុច​ខាងលើ​មាន​ចំនួន​២ ស្រុក​គឺ​បាន​បែងចែក​ជា​គោលដៅ​តូចៗ​ទៀត​មាន​ដូចជា ស្រុក​ទឹកផុស មាន​២​គោលដៅ ​គឺ​ព្រំប្រទល់​ស្រុក​ឧត្តុង្គ​ខេត្តកំពង់ស្ពឺ នឹង​ព្រំប្រទល់ ក្តុល​សែន​ជ័យ ជាប់​ជាមួយ ខេត្ត​ពោធិ៍សាត់ គឺ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥៧ ដោយឡែក​ស្រុក​សាមគ្គី​មានជ័យ ជា​ភូមិសាស្ត្រ ស្មុគស្មាញ គឺ​បាន​ដាក់ ៨​គោលដៅ តូចៗ​ទៀត ដូច្នេះ​សរុប​គោលដៅ​ធំៗ​មាន​ចំនួន 6 និង​គោលដៅ​តូចៗ​មាន​ចំនួន 10 គោលដៅ ក្នុង​ការអនុវត្ត​វិធានការ​ខាងលើ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់ គឺ​បាន​ឃាត់​និង ណែនាំ​អោយ​គាត់​វិលត្រឡប់​ទៅ​គោលដៅ​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ លើកលែង​តែ​រថយន្ត​ដឹកទំនិញ​.​រថយន្ត​មន្ទីរពេទ្យ​.​និង​រថយន្ត​ដែល​មាន​ភារកិច្ច​ចាំបាច់ ។

លោក​ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបញ្ជាក់​ថា​គោលដៅ​ទាំងអស់​ឈរ​​ជើង​រហូត​ដល់​ដល់​ថ្ងៃទី ២០​ខែ​មេសា នេះ​បើ​គ្មាន​ការប្រែប្រួល ទេ​គោលដៅ​ទាំងអស់​នឹង​បើក ឲ្យធ្វើ​ដំណើរ​ជា​ធម្មតា​ឡើងវិញ ផងដែរ ៕