ឯកឧត្តម ង៉ោ ម៉េង​ជ្រូន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ដោះស្រាយ ករណី​ពលរដ្ឋ​ចោទថា លោក ហង្ស ម៉ៅ កាយ​ផ្តាច់​ផ្លូវ​សាធារណៈ និង​រំលោភ​យក​ដី​ពួកគាត់​

បន្ទាយមានជ័យ​÷ ឯកឧត្តម ង៉ោ ម៉េង​ជ្រូន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​មន្ត្រី​ជំនាញ ប្រជុំ​នៅ​សាលា​សង្កាត់​និមិត្ត និង ចុះ វាស់វែង ព្រមទាំង ដោះស្រាយ ករណី​ពលរដ្ឋ​ចោទថា លោក ហង្ស ម៉ៅ រំលោភ​យក​ដី​ពួកគាត់ និង កាយ​ផ្តាច់​ផ្លូវ នៅ​ចំណុចក្បែ​ដីអូរ​ស្វា​រអិល ឋិត​ក្នុង​ភូមិ សូរិយា សង្កាត់ និមិត្ត ក្រុង ប៉ោយ​ប៉ែត នា​ព្រឹក​ថ្ងៃទី ០៧ ខែ​មេសា ឆ្នាំ​២០២១ ។​

​សូមបញ្ជាក់​ថា ការបើក​កិច្ចប្រជុំ​ដោះស្រាយ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២១ ធ្វើលិខិត​គោរព​ចូល ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ សំណើ​ស្នើសុំ ឯកឧត្តម​អភិបាល បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ និង វាស់វែង​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ប​ជ​០០៤៦១៨,​ប​ជ ០០៤៦១៩,​ប​ជ ០០៤៦២១,​ប​ជ ០០៤៦២២,​ប​ជ ០០៤៦២៤,​ប​ជ ០០៤២៦,​ប​ជ ០០៤២៧,​ប​ជ ០០៤២៨,​ប​ជ ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០០៣ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ដែល​ស្ថិតនៅ​ភូមិ​សូរិយា សង្កាត់​និមិត្ត និង​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​លោក ហង្ស ម៉ៅ បាន​កាយ​ផ្តាច់​ផ្លូវ​សាធារណៈ និង​រំលោភ​បំពាន​មក​លើ​ដី​កម្ម​សិទ្ធ​របស់​ពួកគាត់​។​

​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​គេ​សង្កេតឃើញថា មាន​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ក្រុង ប៉ោយ​ប៉ែត និង ក្នុង​ខេត្ត បន្ទាយមានជ័យ យ៉ាង​ច្រើន​ផង​ដែរ បាន​ចូលរួម​ប្រជុំ​ដោះស្រាយ និង អញ្ជើញ​ទៅ​ដល់​ទីតាំង​ទំនាស់ ដីធ្លី​នៅ​ចំណុច​ដី​ក្បែ​អូរ​ស្វា​រអិល ឋិត​ក្នុង​ភូមិ​សូរិយា សង្កាត់​និមិត្ត ដើម្បី​ធ្វើការ​វាស់វែង តាម​ពាក្យ​ស្នើ​សុំ​របស់​ពលរដ្ឋ​ផងដែរ​។​