​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជិត ២០​គ្រួសារ នៅក្នុង​ស្រុក​រវៀង ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​ពី សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះវិហារ !

​ខេត្ត​ព្រះវិហារ​៖ អនុប្រធាន​កិត្តិយស គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហា​រលោក ពឹង ទ្រី​ដា ដែល​ជា​តំណាង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​ដឹកនាំ​មន្ត្រី​សាខា​ខេត្ត ស្រុក និង​មន្ត្រី​មូលដ្ឋាន ចុះសួរសុខទុក្ខ និង​ការ​នាំយក​អំណោយ​មនុស្ស​ធម៌ ដែលជា​អំណោយ​សង្គ្រោះ​បន្ទាន់​របស់ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះវិហារ ទៅ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ១៨​គ្រួសារ ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ នៅ​ពីរ​ថ្ងៃមុន​នេះ​។​

​ពិធី​ប្រគល់ និង​ទទួល​អំណោយ​នោះ ក៏​មាន​ការចូលរួម​ពី អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​រវៀង លោក ហោ ប៊ុនហួរ រួមទាំង​មន្ត្រី​កងកម្លាំង​ប្រចាំ​មូលដ្ឋាន ស្ថិតនៅក្នុង​ភូមិ​បង្ក​ន ឃុំ​រៀបរយ ស្រុក​រវៀង កាលពី​ថ្ងៃ​ទី​៦​មេសា ម្សិលមិញ​នេះ​។​

​អំណោយ​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៨​គ្រួសារ ទទួលបាន​ក្រោយ​ហេតុការណ៍​ខ្យល់​កន្ត្រាក់​ផ្ទះ នាពេលនោះ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ១​បេ ,​តង់ ១ ,​ទឹកស៊ីអ៊ីវ ១​យួរ ,​ត្រីខកំប៉ុង ១​យួរ ,​មី ១​កេស ,​ឃី​ត ១​កញ្ចប់ រួម​ទាំង​ថវិកា ១០​ម៉ឺន​រៀល ផងដែរ​។​

​លោក ពឹង ទ្រី​ដា បាន​មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​បាន​គិតគូរ​ជា​និច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា និង​នៅ​គ្រប់​ទីកន្លែង ហើយ​អំណោយ​មនុស្សធម៌ តែង​បាន​ផ្តល់ជូន​ដល់​ដូន​ចាស់ជរា​គ្មាន​ទីពឹង ជនទីទ័លក្រ ស្រី្ត​មេម៉ា​យក្រីក្រ​មាន​កូន​ច្រើន អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​ផ្ទុក​ជំងឺអេដស៍ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ និង​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ និង​អ្នករងគ្រោះ​ផ្សេងៗ​ទៀត ដោយ​គ្រោះធម្មជាតិ ដែល​ការផ្តល់​អំណោយ​នោះ បាន​ធ្វើឡើង​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ប្រពៃណី ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ សម្រាល​នូវ​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​គ្រា​បច្ចុប្បន្ន និង​នៅ​ចំពោះមុខ ឲ្យបាន​ទាន់​ពេលវេលា ហើយ​កាកបាទក្រហមកម្ពុជា នឹង​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​អត់​ស្បៀងអាហារ​នោះឡើយ​។​

​លោក ពឹង ទ្រី​ដា ក្នុង​នាម​ថ្នាក់ដឹកនាំ​សាខា​កាកបាទ​ក្រហម​ខេត្ត​ព្រះវិហារ បាន​សម្តែង​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ មាន​ខ្យល់ លាយឡំ​ជាមួយ​ភ្លៀង​កក់ខែ​មួយ​ធំ បាន​គួច​ឆក់​ដំបូល និង​កន្ត្រាក់​សសរផ្ទះ​ទម្លាក់​ពីលើ​ជើងតាង ធ្វើឲ្យ​ដំបូល​ធ្លុះធ្លាយ និង​ទ្រេត​សសរផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង ១៨​គ្រួសារ នៅក្នុង​ដំណាក់កាល នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ ១៩ ចូល​ក្នុង​សហគមន៍ ដ៏​គួរឲ្យ​ព្រួយបារម្ភ​នេះ​។​

​អភិបាល​ស្រុក​រវៀង លោក ហោ ប៊ុនហួរ បាន​ថ្លែងថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​ទាំង​ទ្វេរ​តែង​បាន​យក​ហរ​ទ័យ​គិតគូរ​ពី​សុខមាលភាព ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជានិច្ច ក្រៅពីនោះ សម្តេច​ក៏​នៅ​បាន​ខិតខំ​គ្មាន​ពេល​ស្រាកស្រាន្ត​នោះទេ ក្នុងការ​រិះរក​គ្រប់​មធ្យោបាយ និង​វិធី​បង្ការ ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ នាពេល​បច្ចុប្បន្ន និង​ការឈាន​ទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភះ​២០២១ ក្នុង​ពេលខាងមុខ​នេះ តាមរយៈ​ការ​ដាក់​ចេញ​ឲ្យ​អនុវត្ត នូវ​វិធានការ ៣​ការពារ ៣​កុំ និង ២​ចូលរួម និង​ការអនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​គ្រប់ៗ​គ្នា និង​នៅ​គ្រប់​ទីកន្លែង​។​

​លោក ហោ ប៊ុនហ៊ួរ បានបញ្ជាក់​ថា ដើម្បី​អនុវត្ត​តាម​វិធានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ឲ្យមាន​ប្រសិទ្ធភាព អាជ្ញាធរខេត្ត ក៏ដូចជា​អាជ្ញាធរ​ស្រុក តែង​បាន​ធ្វើ​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ អំពី​វិធានការ ៣​ការពារ ៣​កុំ និង​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​រហូត​មក និង​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យចូល​រួមសហការ​ជាមួយ​អា​ជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់ នៅពេល​មាន​សាច់​ញ​តិ បងប្អូន ធ្វើដំណើរ​ពី​ខេត្ត​ផ្សេងៗ មកលេង​ផ្ទះ ពិសេស ខេត្ត​ដែល​ជា​មុខសញ្ញា​ផ្ទុះ​មេ​រោគកូ​វីដ​១៩ ជូន​ដល់​សមត្ថកិច្ច​ដែនដី ដែល​ទង្វើ​នេះ លោក​បាន​ចាត់ទុកថា គឺជា​ការ​បាន​ចូលរួម​ចំណែក​មួយ​យ៉ាង​ធំ ក្នុង​ការបង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ផងដែរ​។​

​សូមជម្រាបថា កាលពី​យប់​ថ្ងៃ​ទី​៤​មេសា​ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​គ្របដណ្តប់​ទៅ​ដោយ​ដំណក់ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់ ក្នុងនោះ​មាន​ស្រុក​ពីរ បាន​ជួប​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ធ្វើឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ ៤៦​ខ្នង រង​ការ​របើក​ដំបូល ដួល​រាប​ដល់​ដី ទ្រេត​សសរ និង​របូត​សសរ​ធ្លាក់ណី​លើ​ជើង​តាង ក្នុងនោះ​ស្រុក​ជ័យ​សែន ២៨​គ្រួសារ និង​នៅក្នុង​ស្រុក​រវៀង ១៨​គ្រួសារ​៕