នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចាប់ខ្លួន​ជនសង្ស័យ​ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់​ករណី​ប្លន់

សៀមរាប​៖ ករណី​ប្លន់​នៅ​ស្រុក​អង្គរ​ជុំ ដោយ​ញាត់​ក្រដាស់​ជូ​តមាត់ ចាក់​កាវ​៥០២​ទៅ​ក្នុង​មាត់ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សៀមរាប​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​មាន​ផ្ទៃពោះ​ចំនួន​៧​ខែ​។
​លោក​ណុប សារ៉ាក់ ស្នងការរង​ខេត្ត​សៀមរាប​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បានឲ្យដឹងថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​
​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២១ នេះ​នៅ​ស្រុក​អង្គរជុំ​។

​ជនសង្ស័យ​ឈ្មោះ គុណ ហួ​ច ភេទ​ស្រី​អាយុ ២៨​ឆ្នាំ នៅ​ភូមិ​តា​សោម ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប​(​មាន​ផ្ទៃពោះ ៧​ខែ​)​។​

​នារី​រូបនេះ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព យក​កាវ​៥០២ ចាក់​ចូលក្នុង​មាត់​ជនរងគ្រោះ និង​បាន​លួច​យក​ខ្សែក​ដែល​ជនរងគ្រោះ​ពាក់​ពិតប្រាកដ​មែន​។​

​គួរបញ្ជាក់​ថា កាល​ពី​ថ្ងែ​ទី ៣០ ខែ​មីនា ឆ្នាំ​២០២១ ជនរងគ្រោះ ឈ្មោះ យ៉​ម រួម ភេទ​ស្រី អាយុ​៦៧ ឆ្នាំ នៅ​ភូមិ​តា​សោម ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប នៅផ្ទះ​របស់​គាត់​តែម្នាក់ឯង រហូតដល់​ម៉ោង​១២ និង​៣០ នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល គាត់​បាន​ស្ដារ​ពាងទឹក​របស់គាត់ ដើម្បីអោយ​គេ​ដឹក​ទឹក មក​ដាក់​អោយ ពេល​គាត់​ស្ដាពា​ង​រួច គាត់​បាន​ចង​អង្រឹង​ដេក​នៅ​មុខ​ផ្ទះ​របស់​គាត់​ជាប់​និង​ផ្លូវ ដេក​បាន​មួយសន្ទុះ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទៅ​ច្របាច់​មាត់​ជនរងគ្រោះ ញាត់​ក្រដាស់​ជូត​មាត់​ហើយ​ចាក់ កាវ ៥០២ ចូលទៅ​ក្នុង​មាត់​ជនរងគ្រោះ ខណ​:​ពេល​ដែល​ជនរងគ្រោះ​កំពុងតែ​ដេក​លក់​នៅលើ​អង្រឹង បណ្ដាលអោយ​ជនរងគ្រោះ វង្វេងស្មារតី និយាយ​មិន​កើត ហើយ​ជនសង្ស័យ​បាន​ដោះយក​ខ្សែក ពី​ជនរងគ្រោះ​ចំនួន​១​ដំឡឹង រួច​រត់គេចខ្លួន​បាត់​តែ​ម្ដង​។​

​លោក ណុប សារ៉ាក់ បាន​បន្ត​ថា​ករណី​នេះ ជនសង្ស័យ​ធ្វើ​សកម្មភាព ដោយសារ​ជនរងគ្រោះ ជា​គូរ​ទំនាស់​និង​គ្នា​ជាមួយ​ម្ដាយ​ឪពុក​របស់​ខ្លួន​កាលពី​២​ឆ្នាំមុន​។​

​ប្រតិបត្តិការ​ចាប់​ជនសង្ស័យ​នេះ ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សៀមរាប ដឹកនាំ​បញ្ជា​ផ្ទាល់​លោក ណុប សារ៉ាក់ ស្នងការរង​នឹងចូលរួម​ដោយ​លោក សុខ ម៉េង​អ៊ាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សៀមរាប​៕