​ខ្មាស​គេ​អត់​! កញ្ចាស់ៗ​ង៉ោង​អស់ហើយ​លេងល្បែង​នោះ​លែង ឡូ​វ​នគរបាល​នាំ​ទៅ​បន្ត​នីតិវិធី​

ខេត្ត​ពោធិ៍សាត់​៖ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ប៉ុស្តិ៍​រដ្ឋបាល សហការ​ឆ្មក់​បង្ក្រាប​ល្បែង​ស៊ីសង​អាប៉ោង ១​ករណី ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ប្រុស​ស្រី ៧​នាក់ ដកហូត​វត្ថុតាង និង​មធ្យោបាយ​ធ្វើដំណើរ​យក​មក​បន្ត​នីតិវិធី ។​

​ករណី​នគរបាល​បង្ក្រាប​ល្បែង​ស៊ីសង​ខាងង​លើ ធ្វើឡើង​នា​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ ១២​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​គុម្ពោត​ព្រៃ​ក្បែរ​ភូមិ ស្ថិតនៅ​ភូមិ​រហាល​ទិល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់ ។​

​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ប្រាប់ថា កិច្ចការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែង​ខាងលើ ទី​១ ឈ្មោះ ឆេង រឹ​ម ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ទី​២ ឈ្មោះ អុិត សឿ​ម ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​បោស​គរ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ទី​៣ ឈ្មោះ ហួត គឹម​ហាវ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ស្រះ​ម្កាក់ ឃុំ​អូរ​ប៉ោង ស្រុក​បាកាន ទី​៤ ឈ្មោះ សុខ លឹម ភេទ​ស្រី អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ព្រៃ​កន្លង់ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ទី​៥ ឈ្មោះ សេក សេង ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ទួល​រគាំង ឃុំ​អូរ​ប៉ោង ស្រុក​បាកាន ទី​៦ ជឹម ឌឿ​ន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​កោះ​វត្ត ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ និង​ទី​៧ ឈ្មោះ ភោគ រី ភេទ​ស្រី អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​រហាល​ទិល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្ត​ពោធិ៍សាត់ ។​

​នគរបាល​ស្រុក​ដដែល​បន្តថា ក្នុងនោះ​ដកហូត​វត្ថុតាង​រួមមាន ចាន​សម្រាប់​បាញ់អាប៉ោង​ចំនួន ៣​ចាន មេអាប៉ោង​ចំនួន ២​គ្រាប់ ទម្រ​ចាន​អាប៉ោង​ចំនួន ១ កំរាល​ភ្នែក​ចាក់​អាប៉ោង​ចំនួន ១ គម្រប់​ចាន​អាប៉ោង​ចំនួន ១ ស្បែកជើង​ចំនួន ៥​គូរ ដំបូល​ក្រណាត់​ចំនួន ១​ផ្ទាំង និង​ម៉ូតូ​ចំនួន ៤​គ្រឿង ។ ក្រុម​ញៀន​ល្បែង​សុីសង​ប្រុស​ស្រី​រួម​ទាំង​វត្ថុតា​ង និង​សម្ភារៈ នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ដើម្បី​បន្ត​នីតិវិធី ៕