​ប្រជា​កសិករ​រស់នៅ​ក្នុង​ភូមិ​កំពង់​អូស​ធ្វើស្រែ​ក្នុង​១​ឆ្នាំ​បាន​២​ដង ដោយ​ប្រមូល​ផល​ស្រូវ​ក្នុង​១​ហិកតា​បាន​ពី​៧​តោន​ទៅ ៨​តោន ដែល​អាច​លក់ដូរ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​បាន​យ៉ាង​ល្អប្រសើរ​

​ខេត្ត​កំពង់ឆ្នាំង​៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ភូមិ​កំពង់​អូស ឃុំ​កំពង់​អូស ស្រុក​ជល​គី​រី ជិត​២០០​គ្រួសារ​ធ្វើស្រែ​ក្នុង​១​ឆ្នាំ​បាន ២ ដង ដោយ​ទទួល​ផល​បាន​ពី ៧​តោន ទៅ​៨​តោន​ក្នុង​១​ហិកតា និង​លក់បាន​ថ្លៃ​ពី​៩០០ ទៅ​១១០០​រៀល ក្នុង​១​គីឡូក្រាម ដែល​អាច​ផ្គង់​ផ្គង់​ជីវភាព​ក្នុង​ក្រុមគ្រួសារ​បាន​ល្អប្រសើរ ។ ប៉ុន្ត​ប្រជា​កសិករ​មួយចំនួ​នតូ​ចក៏បាន​ជួប​នូវ​ការលំបាក​បាត់បង់​ចំណូល​ទៅវិញ​ផងដែរ ព្រោះតែ​កណ្តុរ​កើត​ច្រើន​ពេក ការពារ​មិន​ឈ្នះ វា​បាន​ស៊ី​ស្រូវ​អស់ គឺ​ទទួលផល​ស្រូវ​បាន​តិចតួច​តែប៉ុណ្ណោះ ។​

​លោក ផាន់ នៅ មេ​ភូមិ​កំពង់​អូស នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ នៅក្នុង​ភូមិ​កំពង់​អូស មាន​ប្រជាពលរដ្ឋ​សរុប ចំនួន​២៤០​គ្រួសារ ស្មើនឹង​១០៩៩​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ ៧៥% ធ្វើ​ស្រែប្រាំង និង​២៥%​ទៀត ធ្វើ​ចំការ និង​នេសាទ ។ ដោយឡែក​ក្នុង​១​ឆ្នាំ ប្រជា​កសិករ​ធ្វើស្រែ​បាន​២​ដង ដោយ​ក្នុង​ហិកតាៗ ទទួលផល​បាន​ពី​៧​តោន ទៅ​៨​តោន ចំណែក​តម្លៃ​ស្រូវ​ក្នុង​ឆ្នាំ​នេះ​លក់​ចេញ​បាន ថ្លៃ​ពី​៩០០​រៀល​ទៅ​១១០០​រៀល ដែល​ប្រជាកសិករ​យើង​ជា​អ្នក​ធ្វើ​ស្រែ ក្នុងភូមិ​ភាគ​ច្រើន​អាច​ផ្គង់​ផ្គង់​ជីវភាព នៅក្នុង​ក្រុមគ្រួសារ​បាន​ល្អប្រសើរ ។

​ចំណែក លោក ជូរ សឹម អាយុ​៦៩​ឆ្នាំ ជា​ប្រជាកសិករ​នៅក្នុង​ភូមិ​កំពង់​អូស បាន​បញ្ជាក់​អោយដឹងថា​៖ អ្នក​ធ្វើ​ស្រែ​សព្វ​ថ្ងៃ​មួយ​ចំនួន​ដែល​មិន​សំបូរ​លុយកាក់​ពិតជា​ជួប​ការលំបាក ព្រោះថា​ការ​ធ្វើ​ស្រែ​ក្រៅពី​បាញ់ថ្នាំ​ដាក់​ជី គឺ​ត្រូវ​ចំណាយ​ទិញ​កៅស៊ូ​រាយ​ព័ទ្ធជុំវិញ​ស្រែ​ទៀត ទើប​ការពារ​សត្វ​កណ្តុរ​ស៊ី​ស្រូវ​បាន ។​ចំពោះ​ក្រុម​គ្រួសារ​គាត់ ធ្វើស្រែ​លើដី​ទំហំ ១​ហិកតា​កន្លះ គឺ​ត្រូវ​ចំណាយ​ដើមទុន​សរុប​ចំនួន​ជាង​២​លាន​រៀល ។ ដូច្នេះ ដើម្បី​ការពារ​សត្វ​កណ្តុរ​ស៊ី​ស្រូវ អ្នកស្រែ​ក្នុងភូមិ​មួយចំនួន​ពេលយប់​នាំគ្នា​រាយ​ខ្សែភ្លើង​ព័ទ្ធជុំវិញ​ស្រែ​ដើម្បី​ឆក់​កណ្តុរ​ចង្រៃ ដែល ១​យប់ៗ​ក្នុង​ស្រែ​និមួយៗ​គេ​អាច​ឆក់​កណ្តុល​បាន​១​កា​រ៉ុង ស្មើ​និង​៣០​គីឡូ​ឯណោះ ។ បញ្ហា​នេះ ចំពោះ​ស្រែ​ដែល​រាយ​ខ្លែភ្លើងឆ​ក់ ក៏​ត្រូវបាន​អ្នកភូមិ​ដាក់​ភ្លើង​បំភ្លឺ ឬ​ដាក់​ភ្លើង​សា​រ៉ែ​ន​ភ្លឺ​ភ្លឹបភ្លែតៗ​ជា​សញ្ញា​ប្រយត្ន័​គ្រោះថ្នាក់​ផង​ដែរ ចំពោះ​អ្នក​ដើរចូល​ស្រែ ឬ​ដើរ​ឆ្លុះ​កង្កែប​នៅពេល​យប់ ។​

​ដោយឡែក លោក ជា សុវណ្ណ ជា​កសិករ​ដែល​កំពុង​ជួល​ម៉ាស៊ីន​ច្រូតស្រូវ​បាន​និយាយ​អោយដឹងថា​៖ តម្លៃ​ឈ្នួល​ម៉ាស៊ីន​ច្រូតស្រូវ ពី​ដើមដៃ​គឺ​គេ​យក ៣០​ម៉ឺន​រៀល ក្នុង​១​ហិកតា តែ​នៅ​ចុងដៃ​នេះ​គេ​យក​តែ​២៣​ម៉ឺន​រៀល​ទេ​ក្នុង​១​ហិកតា ។ ជាក់ស្តែង​ក្នុង​ពេល​អ្នក​ភូមិ​ជួល​ម៉ាស៊ីន​ច្រូតស្រូវ​ម្តងៗ គឺ​អ្នកស្រុក​ក្នុងភូមិ​រាប់សិប​នាក់ បាន​ព្រួត​គ្នា​ស្ទាក់​វាយ​សត្វ​កណ្តុរ​ក្នុង​ស្រែ ដែល​ក្នុង​១​ស្រែ​និមួយៗ​គេ​វាយ​កណ្តុរ​បាន​មិន​ជាង​ពី​១០​ទៅ​១៥​គីឡូ​ឡើយ ដែល​សត្វ​កណ្តុរ​នេះ​អាច​លក់បាន​ថ្លៃ​ក្នុង​១​គី​ឡូ ៧​ពាន់​រៀល ផងដែរ ។​

​លោក ជា សុណ្ណ បានបញ្ជាក់​ថា​៖ ក្នុង​១​ឆ្នាំ​គាត់​ធ្វើស្រែ​បាន​២​ដង និង​បើ​ទឹកទន្លេ​មិន​ឡើង​លិច​ខ្នង​កោះ​ទេនោះ អ្នកស្រុក​ក្នុង​ភូមិ​អាច​ធ្វើស្រែ​បាន​ម្តងទៀត តែ​ត្រូវ​ការពារ​សត្វ​កណ្តុរ​អោយបាន ទើប​ធ្វើ​ស្រែ​បាន​ទទួល​ទិន្នផល​ខ្ពស់ ផ្គត់ផ្គង់​ក្រុមគ្រួសារ​ផងដែរ ៕
​សុខ​គឹម​សៀន​