​ភ្ញៀវ​ទេសចរណ៍ មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​សរុប​ចំនួន​ជាង ៥២ ០០០​នាក់

ខេត្ត​ព្រះសីហនុ​-​មន្ត្រី​រដ្ឋបាល​ខេត្ត​ឲ្យដឹងថា មាន​ភ្ញៀវ​ទេសចរណ៍ មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​សរុប​ចំនួន​ជាង ៥២ ០០០​នាក់ ។​

​ភ្ញៀវ​ទេសចរណ៍​បាន​ចូល​លេង​កម្សាន្ត​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ចាប់ពី​ឆ្នេរ​អូ​ឈើទាល រហូត​ដល់​ដើមឈើ​ចាំ​ស្នេហ៍ ដែល​ជា​ភ្ញៀវ​ទេសចរណ៍​មក​ពី​រាជធានី ខេត្ត នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា ដើម្បី​ឆ្លង​ឆ្នាំ​សកល ២០២១-២០២២ ។​

​ជាមួយគ្នានេះ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់ចេញ​នូវ​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ដោយ​មាន​កម្លាំង​សមត្ថកិច្ច ចេញ​ល្បាត និង​ឈរជើង​នៅ​តាម​ចំណុច​គោលដៅ​សំខាន់ៗ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ និង​ទីសាធារណៈ​នានា​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព​។

​បើ​តាម​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យដឹងថា ផ្ទះសំណាក់ និង​សណ្ឋាគារ នៅតាម​ដងផ្លូវ​ធំៗ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវបាន​ភ្ញៀវ​កក់​ទុក​ពេញ​អស់ហើយ ដោយឡែក​សម្រាប់ បឹង​ហ្ការ​ឡូ នៅតាម​បណ្តា​កោះ​វិញ ក៏​ត្រូវ​បាន​ភ្ញៀវ​កក់​ទុក​ពេញ​អស់​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លងមក ម្យ៉ាងទៀត​នៅ​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​សាធារណៈ ភ្ញៀវ​ទេសចរ​បាន​បោះ​តង់ ឬ​ក្រាលកន្ទេល​ពេញ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ​៕