​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​មួយគ្រឿង បាន​បើក​បុក​បង្កាន់ដៃ​ស្ពានថ្ម បង្ក​ការគ្រោះថ្នាក់ ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់ នៅក្នុង​ខេត្ត​កំពង់ធំ !

​ខេត្ត​កំពង់ធំ​៖ អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង​ដឹកឈើ ១​គ្រឿង បាន​ស្លាប់​ភ្លាមៗ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ការគ្រោះថ្នាក់​ដោយ​ខ្លួនឯង សង្ស័យ​ងងុយដេក ដោយ​បើក​រថយន្ត​ទៅ​បុក​បង្កាន់ដៃ​ស្ពានថ្ម​មួយ​កន្លែង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ កាលពី​ម៉ោង​ជាង ៩​ព្រឹក ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២២​នេះ ស្ថិតក្នុង​ភូមិ​វាល​ថ្នល់ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​។​

​ប្រភព​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា រថយន្ត​ដែល​ជួប​ហេតុ​ការគ្រោះថ្នាក់​នោះ ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2L-4008 បើកបរ​ដោយ​ឈ្មោះ ជា លីន រស់នៅ​ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ ស្លាប់​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ត្រូវ​ឈើ​រុញ​បុក​ផ្ទប់​នឹង​រថយន្ត និង​ធ្លាយ​កញ្ចក់​មក​ផ្នែក​ខាង​មុខ​រថយន្ត​នោះមក​។​

​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​នេះ កម្លាំង​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ចុះ​វាស់វែង ហើយ​បាន​បញ្ជូន​រថយន្ត​ទៅ​រក្សាទុក និង​ស្វែងរក​ក្រុមគ្រួសារ​សព ដើម្បី​ប្រគល់​សាកសព​ជនរងគ្រោះ នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ស្របពេល​ជាមួយ​គ្នា​នោះ ប្រភព​បាន​បង្ហើប​ឲ្យដឹងថា នៅ​រយៈពេល​កន្លងមក ក៏​ដូច​ក្នុងពេល​បច្ចុប្បន្ន មាន​រថយន្ត​ជាច្រើន​គ្រឿង តែង​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ជា​ប្រចាំ និង​ការបើកបរ​នោះ ស្ថិតក្នុង​ល្បឿន​លឿន ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចេញពី​ខេត្ត​ព្រះវិហារ ចូលមក​ក្នុង​ខេត្ត​កំង់​ធំ ហើយ​គេ​ក៏​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែលមាន​ស្នាក់ការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​នេះ ធ្វើការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ទាំង​នោះ​ទេ​។ ផ្ទុយទៅវិញ រថយន្ត​ដឹកឈើ​ទាំងនោះ ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន កត្តា​នេះ​បាន​ធ្វើឲ្យ​អ្នក​រស់នៅ​ប្រប​នឹង​ដងផ្លូវ ក៏​ដូច​អ្នក​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៦២​នេះ តែង​មាន​ការព្រួយបារម្ភ​ទៅ​លើ​សុវត្ថិភាព​ជា​ចម្បង​៕