សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ និងសេចក្ដីសម្រេច ស្ដីពី​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​មករា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ​.​ស​.​ហ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង កម្មវិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ និងសេចក្ដីសម្រេច ស្ដីពី​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ (​គ​.​ស​.​ហ​) ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី រដ្ឋលេខាធិការ​, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​, អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​, ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​អ្នកពាក់ព័ន្ធ​សរុប​ប្រមាណ​ចំនួន​៩០​រូប ដែល​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សាលា​ប្រជុំ​សណ្ឋាគារ​សុខា​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ពិធី​ផ្សព្វផ្សាយ​នេះ​រៀបចំ​ឡើង ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ របស់​ប្រទេស​កម្ពុជា ដែល​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​លើ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ​.​ស​.​ហ ក៏​បាន​ណែនាំ​បន្ថែម​ដល់​ក្រុមការងារ​នៅតាម​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ពង្រឹងស្មារតី​សហប្រតិបត្តិការ​ខ្ពស់ និង​បំពេញ​ភារកិច្ច​ក្នុង​ដែន​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​ធានា​ឱ្យបាន​នូវ​វឌ្ឍនភាព​ជា​គន្លឹះ​មួយចំនួន​នៃ​ការទប់ស្កាត់ ការបង្ការ និង​ការបង្ក្រាប​បទល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​ពាក់ព័ន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បន្ត​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ សំដៅ​រក្សា​ស្ថិរភាព និង​សុចរិត​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​៕​