សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រគល់​ជំនួយ​ម៉ាស​ជាង​៣​លាន និង​បរិក្ខារ​ពេទ្យ​ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រួចហើយ​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅដល់​ទីក្រុង​ណៃ​ពិដោ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​សុវត្ថិភាព​ហើយ និង​បាន​ប្រគល់​ជំនួយ​ម៉ាស​ជាង​៣​លាន និង​បរិក្ខារ​ពេទ្យ​ជូន​ប្រទេស​មី​យ៉ាន់​ម៉ា​រួចហើយ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២២ ដែល​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ស​ម្ដេច​តេជោ និង​គណៈប្រតិភូ និង​ពិធី​ប្រគល់​ទទួល​អំណោយ​បរិក្ខា​ពេទ្យ​នោះ គឺ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម វុន​ណា ម៉ោង​ល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​។

​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៧ និង​ថ្ងៃ​ទី​០៨ ខែ​មករា​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​នា​យ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ជំនួយ​ដែល​សម្តេច​តេជោ​បាន​ប្រគល់​ជូន​មី​យ៉ាន់​ម៉ា​នេះ រួមមាន​៖ ម៉ាស ចំនួន​៣​លាន​, ម៉ាស់ N95 ចំនួន​២​សែន​, វែន​តា​ការពារ ចំនួន​១​សែន​, សំលៀក​បំពាក់​ការពារ​សុវត្ថិភាព ចំនួន​៣​ម៉ឺន​, របាំង​ការពារ​មុខ ចំនួន​៣​ម៉ឺន​, ស្បែកជើង​វែង​ចំនួន ៣​ពាន់​សម្រាប់​, ម៉ាស៊ីន​ជំនួយ​ដកដង្ហើម ចំនួន​៥០​គ្រឿង​, ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន​៥០​គ្រឿង និង​ម៉ាស៊ីន​ផ្ដល់​អុកស៊ីសែន​ស្វ័យប្រវត្តិ ចំនួន ៥០​គ្រឿង ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ជំនួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩៕