សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ និង​ជា​លទ្ធផល​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សម្រេច​លទ្ធផល​ជា​ផ្លែផ្កា​គួរឲ្យកត់សម្គាល់​

(​ភ្នំពេញ​)៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង​ប្រមាណ​ជា​១១:៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​មក​ដល់​កម្ពុជា​ប្រទេស​វិញ​ហើយ ដោយ​សុវត្ថិភាព បន្ទាប់​ពី​អញ្ជើញ​ទៅ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ជា​លទ្ធផល​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សម្រេច​លទ្ធផល​ជា​ផ្លែផ្កា​គួរឲ្យកត់សម្គាល់​។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing មេដឹកនាំ​កំពូល​យោធា​មី​យ៉ាន់​ម៉ា បានសម្រេច​ពន្យារ​ពេល​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​២០២២ ហើយ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​អំពើហិង្សា​ផងដែរ​។ បន្ថែម​ពី​នេះ​ឯកឧត្តម​ក៏បាន​គាំទ្រ​ឲ្យមាន​កិច្ចប្រជុំ​ដើម្បី​សម្របស​ម្រួ​ល​ដល់​ការផ្ដល់​ជំនួយ ព្រមទាំង​ធានា និង​សម្របសម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​បាន​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​របស់ សម្ដេច​តេជោ ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ផ្ដល់​ជំនួយ​មួយចំនួនទៀត ដល់​មី​យ៉ាន់​ម៉ា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ផងដែរ​ក្នុង​នោះ​មានដូចជា ម៉ាស់​ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីន​ជំនួយ​ការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍​តាមដាន​អ្នក ជំងឺ ចំនួន ៥០​គ្រឿង ឧបករណ៍​ផលិត​អុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត​៕