សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ការ​ផ្ដល់​ឥណទាន​សម្បទា​ន​អនុវត្ត​គម្រោង​គាំទ្រ​បន្ត​ឆ្លើយតប​ទៅ​នឹង​វិបត្តិកូ​វីដ​-១៩ ដំណាក់កាល​ទី​២

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ការ​ផ្ដល់​ឥណទាន​សម្បទា​ន​អនុវត្ត​គម្រោង​គាំទ្រ​បន្ត​ឆ្លើយតប​ទៅនឹង​វិបត្តិកូ​វីដ​-១៩ ដំណាក់កាល​ទី​២​ដែល​ជប៉ុន​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ ១៨៥​លាន​ដុល្លារ​បន្ថែម ដើម្បី​ឆ្លើយតប​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា​។

​ពិធី​ចុះហត្ថលេខា​ប្រគល់​-​ទទួល​ប្រាក់​កម្ចី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។
​ថវិកា​កម្ចី​នេះ ប្រើ​សម្រាប់​គាំទ្រ​សកម្មភាព​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​ផល​ប៉ះពាល់​សុខភាព​, សង្គម និង​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​លើ​ជំនួយ​សង្គម​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​មានដូចជា​៖ ប្រជាពលរដ្ឋ​មាន​ជីវភាព​ស្ថិតក្រោម​បន្ទាត់​ភាពក្រីក្រ​, ចាស់ជរា​, ស្ត្រី​, កុមារ និង​ជនជាតិដើម​ភាគតិច​ជាដើម​៕