អភិបាលខេត្ត​រតនគិរី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០២១-២០២២

រតនគិរី : នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២២ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០២១-២០២២ ក្រោម​អធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី​។ ពី​ធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​រយ​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាល័យ​សម្តេចឪ​-​សម្តេចម៉ែ ស្ថិត​ក្នុង​ក្រុង​បាន​លុង​។

​ថ្លែង​ទៅ​កាន់​សិស្សានុសិស្ស​ប្រមាណ​៣០០​នាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បាន​លើកទឹកចិត្ត​ដល់ ប្អូនៗ​ក្មួយៗ ខិតខំ​សិក្សា​រៀនសូត្រ សូម​ចាប់យក​ប៊ិក សៀវភៅ សាលារៀន​ជា​មិត្តសំឡាញ់ និង​ជា​បណ្ដើរៗ​រៀន​អភិវឌ្ឍ​សម្រាប់​ខ្លួនឯង និង​រៀន​ដើម្បី​គ្រួសារ និង​សង្គមជាតិ ហើយ​ចាកចេញ និង​បោះបង់​ចោល​ភាព​ជា​ក្មេង​ទំនើង​គ្រប់​រូបភាព និង​ដាច់ខាត​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ការប្រើប្រាស់​គ្រឿងញៀន ដែល​ជា​សត្រូវ​របស់ខ្លួន​ឯង គ្រួសារ និង​សង្គមជាតិ​។​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ វត្តមាន​ដ៏​ឧត្តុង្គឧត្តម របស់លោក លោកស្រី ពិសេស​មន្ត្រី​រាជការ នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ទាំងអស់ ដែល​កំពុងតែ​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​យុទ្ធនាការ​ប្រមូល​កុមារ​ចូលរៀន ដែល​ជា​ការលើកទឹកចិត្ត​ដល់​ប្អូនៗ ក្មួយៗ ឱ្យ​ខិតខំ​រៀនសូត្រ ពោរពេញ​ដោយ​គុណភាព និង​បន្ត​ការសិក្សា ប្រកបដោយ​ជោគជ័យ​ដូច​រៀមច្បង​របស់​ពួកគេ​នា​ឆ្នាំ​កន្លង​ទៅ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គឺ​មិន​ដែល​បោះបង់ចោល​ពួកយើង​ចោល​ម្តងណា​ឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាល​បាន​ខិតខំ​ច្នៃប្រឌិត​គ្រប់​មធ្យោបាយ យុទ្ធសាស្ត្រ ដើម្បី​នាំមក​នូវ​សន្តិភាព សុខ​សុវត្ថិភាព ការអភិវឌ្ឍន៍ ដែល​ជា​វត្ថុ​មិនអាច​ខ្វះ​បាន​ក្នុង​លោក សម្រាប់​ប្រទេស​កម្ពុជា​យើង និយាយ​ជា​រួម និង​ខេត្ត​រតនគិរី​និយាយ​ដោយឡែក បាន​បង្ក​ឱកាស​លើ​ការផ្តល់​សេវា​អប់រំ ប្រកបដោយ​សមធម៌​ដល់​ប្អូនៗ ក្មួយៗ​គ្រប់​ក្រុម​ជនជាតិ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​ជាតិ​សាសន៍ និង​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ជាពិសេស​ការបន្ត​បង្កើត​ឱ្យមាន​សាលារៀន​គ្រប់​ភូមិ​សិក្សា ឱ្យ​កាន់តែ​ស្ថិតនៅ​ក្បែរ​សហគមន៍​ដែល​ប្អូនៗ ក្មួយៗ រស់នៅ​បំផុត តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។​

​ឯកឧត្តម អភិបាលខេត្ត​ផ្តាំផ្ញើ​ដល់​នាយក​សាលា​គ្រប់​ភូមិ​សិក្សា ត្រូវ​គ្រប់គ្រង​ការងារ​ឲ្យបាន​ល្អ និង​ត្រូវ​សហការ​ជាមួយ​គណៈ កម្ម​ការ​ទ្រទ្រង់​សាលារៀន ដើម្បី​អភិវឌ្ឍ​សាលារៀន និង​ជួយ​ដល់​កុមារ​ក្រៅ​សាលា​ឲ្យ​ពួកគេ ត្រឡប់​មក​កាន់​សាលារៀន​វិញ និង​បន្ត​ការសិក្សា​រៀនសូត្រ​ក្នុង​បរិបទ​កូវី​ដ​១៩ ដោយ​គោរព ឱ្យ​ខាន​តែ​បាន នូវ​ការប្រតិបត្តិ​ស្តង់ដា​គោលការណ៍​សុវត្ថិភាព របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​។ លោកគ្រូ អ្នកគ្រូ ត្រូវ​បង្រៀន​សិស្ស​ឱ្យបាន​ល្អ សូម​កុំ​បង្រៀន​សិស្ស​ឱ្យ​គ្រាន់តែ​ចាំ​ពោល​គឺ បង្រៀន​សិស្ស​ឱ្យ​៖ ចងចាំ យល់ អនុវត្ត វិភាគ វាយតម្លៃ និង​ច្នៃប្រឌិត​។ អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​សង្កាត់ ក្រុង​ស្រុក ត្រូវ​ធ្វើ​ការសហការ​ជាមួយ​បុគ្គលិក​អប់រំ និង​អ្នកពាក់ព័ន្ធ​ក្នុង​គោលបំណង​លើកកម្ពស់​ការគាំទ្រ​វិស័យ​អប់រំ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ចូលរួម ក្នុង​ការបង្ការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។ មាតាបិតា អាណា​ព្យាបាល​គ្រប់រូប​ត្រូវ​ជំរុញ​លើកទឹកចិត្ត កូនចៅ​ឲ្យមក​សាលារៀន និង​បន្ត​ការសិក្សា​រហូតដល់​ចប់​ឆ្នាំ​សិក្សា​។ ប្អូនៗ ក្មួយៗ​សិស្សានុសិស្ស​ជា​ទីស្រឡាញ់ ត្រូវ​ត្រៀម​ខ្លួន​ឲ្យបាន​ល្អ ស្តាប់​ដំបូន្មាន គ្រូ មាតាបិតា ដើម្បី​ទទួល​យក​ចំណេះដឹង ជំនាញ និង​ទទួលបាន​លទ្ធផល​ល្អ​នា​ចុងឆ្នាំ​៕​ដោយ គតិ យុ​ត្ត​