រយៈពេលត្រឹម១ខែអភិបាលខេត្តកំពតជួយសម្របសម្រួលដោះស្រាយបញ្ហានិងបណ្តឹងក្រៅប្រព័ន្ធតុលាកាជូនប្រជាពលរដ្ឋបាន១៣១ករណី

​រយៈ​ត្រឹម​ខែ​ធ្នូ​តែ​មួយ​ខែ អភិបាល​ខេត្ត​កំពត អាច​ជួយ​សម្របសម្រួល​ដោះស្រាយ​សំណូមពរ បញ្ហា ពាក្យបណ្តឹង​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ចំនួន​១៣១​ករណី​។ ហើយ​រដ្ឋបាល​ខេត្ត​កំពត​ប្តេជ្ញា ថា​នឹង​នៅតែ​បន្ត​ជួយ​សម្របសម្រួល​ដោះស្រាយ​រហូត ដល់​អស់​បញ្ហា នឹង​សំណូមពរ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​។

​តាម​របាយការណ៍​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្ត​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃទី ១១ ខែ​កម​រា ឆ្នាំ​២០២២​នេះ បានបង្ហាញ​ថា រដ្ឋបាល​ខេត្ត​កំពត ក្រោម​ការដឹកនាំ​ដោយ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​សំណូមពរ បញ្ហា​ប្រឈម និង​ពាក្យបណ្ដឹង​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ បាន​ចំនួន​១៣​លើក ស្មើនឹង ១៣១​ករណី​។ ក្នុង​នោះ​បញ្ហា​ដីធ្លី ៩១ ករណី រួមមាន​៖ ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​មាន​៥០​ករណី​, ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ មាន​០២​ករណី (​មាន​ស្នើសុំ​ពន្លឿន​ការ ធ្វើ​ប្លង់​កម្ម​សិទ្ធ​) និង មេភូមិ​, ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន មាន​៥ ករណី​, ទំនាស់​ដី​កេរ​មរតក​នឹង​គ្រួសារ មាន​១៥​ករណី​, ទំនាស់​ការ​លែងលះ និង​បែងចែក​ទ្រព្យសម្បត្តិ​មាន​០៩ ករណី​, បិទ​ផ្លូវ​សាធារណៈ ០៩ ករណី​, ប្រជាពលរដ្ឋ និង​សហគមន៍​មាន ១​ករណី​។

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ ក៏​បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​ការចំណាយ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២១ របស់ អភិបាលខេត្ត​ផងដែរ​ដោយ​រួមមាន ៖ ចំនួន​ប្រាក់​ខ្មែរ​ជិត ៧៤​លាន​រៀល​និង​ប្រាក់​ដុល្លារ ជាង​២៨​ម៉ឺន​ដុល្លា អង្ករ​ចំនួន​ជាង ១១៩ តោន​មី​ចំនួន ៧៦០ កេស ត្រីខ​ចំនួន ៣៥១ កេស ទឹក ត្រី​-​ទឹក​ស៊ី​អី​វ​ចំនួន ៣,៥០៥ យួរ សារុង​ចំនួន ៣,៥០០ សា​រ៉ុង ទឹក​សុទ្ធ​ចំនួន ១៩៥ កេស ម៉ាស់​ចំនួន ៦,៥០០ ម៉ាស់ អាល់កុល​ចំនួន ៣១០ លីត្រ អំបិល​ចំនួន ១ តោន ៣១០ គីឡូក្រាម ។

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​នោះ​ដែរ​ក៏ មាន​របៀប​វរៈ​សំខាន់ៗ​ដូចជា ៖ ១. ពិនិត្យ និង​អនុម័ត លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣២ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ២. ពិនិត្យ និង​អនុម័ត លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ៣. ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ប្រចាំខែ​ធ្នូ ឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត ការ ងារ​របស់​រដ្ឋបាល​ខេត្ដ​។ ៤.​ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ប្រចាំឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត ការ ងារ របស់​រដ្ឋបាល​ខេត្ដ និង ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​សេចក្តីសម្រេច ផ្សេងៗ​ជាច្រើន​ទៀត​។

​ឯកឧត្តម​ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​កោតសរសើរ វាយតម្លៃ ចំពោះ​លទ្ធផល​ការងារ ដែល​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ ជុំវិញ​ខេត្ត បាន​ខិតខំ​អនុវត្ត​កន្លង​មក ។​

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ស្នើឲ្យ គណៈ​អភិបាលខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​ក្រុង ស្រុក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ ជំរុញ​ការដោះស្រាយ​បញ្ហា​សំណូមពរ បញ្ហា​ប្រឈម ទៅ​តាម​ជំនាញ​និង​សមត្ថកិច្ច​តួនាទី​របស់​ខ្លួន​ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ស្របទៅតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុនសែន ក៏​ដូច​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ជំនាញ​ផ្សេងទៀត ដោយ​ធ្វើយ៉ាងណា ផ្ដល់​នូវ​ប្រយោជន៍​និង​ភាពកក់ក្ដៅ ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើឲ្យ​ពួកគាត់​មាន​ជីវភាព​កាន់តែរី​ក​ចម្រើន​ប្រសើរឡើង​។​